Covid-19

ក្រសួងបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ២នាក់ទៀត និងព្យាបាលជាសះស្បើយម្នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២នាក់ និងបានព្យាបាលជាសះស្បើយចំនួនម្នាក់។

ក្រសួងបានឲ្យដឹងថា អ្នកដែលឆ្លងជំងឺកូវីដ១៩ថ្មី២នាក់គឺ១.ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

២-ស្ត្រីជនជាតិខ្មែរ អាយុ ៥០ឆ្នាំ មានអាសយដ្ឋានស្នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសស្វីស បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងបន្តថា មានករណីជាសះស្បើយចំនួន ម្នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរ មកពីប្រទេសថៃ) ជាបុរសជនជាតិខ្មែរអាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក។

សូមជម្រាបថា អ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅកម្ពុជាមានចំនួន ៤៧២នាក់ និងបានព្យាបាលជាសះស្បើយចំនួន ៤៥៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៥នាក់៕

To Top