ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគ្នាស្តារ វិស័យទេសចរណ៍ឡើងវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាគាំទ្រដល់ការផ្សព្វផ្សាយ ទេសចរណ៍អាស៊ាន ក៏ដូចជាទេសចរណ៍កម្ពុជា ដល់ប្រជាជនឥណ្ឌា សំដៅស្តារវិស័យទេសចរណ៍ អាស៊ាន-ឥណ្ឌាឡើងវិញ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា

ការប្ដេជ្ញារួមគ្នានេះ ធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី៨ តាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន រៀបចំដោយក្រសួងទេសចរណ៍កម្ពុជា នៅសណ្ឋាគារសូហ្វីតែលភូគីត្រា នារសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងលោក Prahlad Singh Patel រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌា ជាសហប្រធានដឹកនាំកិច្ចប្រជុំនេះ។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាបានវាយតម្លៃ និងអនុម័តផងដែរលើលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាព សហប្រតិបត្តិការទេសចរណ៍អាស៊ាន-ឥណ្ឌា កន្លងមកព្រមទាំងបានអនុម័តផែនការ សកម្មភាពសហប្រតិបត្តិការ ទេសចរណ៍អាស៊ាន-ឥណ្ឌា ២០២១-២០២១ ដែលផ្តោតការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង សំដៅដល់ការអភិវឌ្ឍទេសចរណ៍អាស៊ាន-ឥណ្ឌា ប្រកបដោយចីរភាព ការទទួលខុសត្រូវ និងមានភាពធន់កាន់តែប្រសើរឡើង។

ក្នុងកិច្ចប្រជុំនេះផងដែរ រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌាបានគាំទ្រ ដល់សំណើរបស់កម្ពុជាដូចតទៅ៖

១៖ បន្តគាំទ្រដល់កម្ពុជាក្នុងការ បណ្តុះបណញដាលធនធានមនុស្ស ជាពិសេសអ្នកជំនាញទេសចរណ៍ លើជំនាញទេសចរណ៍ឌីជីថល បច្ចេកវិទ្យា និងនវានុវត្តន៍។

២៖ គាំទ្រដល់ការផ្សព្វផ្សាយ ទេសចរណ៍អាស៊ាន ក៏ដូចជាទេសចរណ៍កម្ពុជា ដល់ប្រជាជនឥណ្ឌា។

៣៖ ជំរុញឲ្យមានការហោះហើរ ត្រង់មកម្ពុជាផងដែរ បន្ទាប់ពីវិបត្តិកូវីដ-១៩។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ចិន ជប៉ុន និងកូរ៉េខាងត្បូង អគ្គលេខាធិការអាស៊ាន លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមធ្វើដំណើរកម្ពុជា និងសហព័ន្ធទេសចរណ៍កម្ពុជា សរុបប្រមាណ១៥០នាក់៕

To Top