Covid-19

កងទ័ពអាមេរិក ១ពាន់នាក់ នឹងជួយក្នុងការចាក់ថ្នាំ វ៉ាក់សំាងកូវីដ១៩

បរទេស៖ ទីប្រឹក្សាជាន់ខ្ពស់ របស់សេតវិមាន លោក Andy Slavitt តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា កងទ័ពសហរដ្ឋអាមេរិកប្រហែល ១.០០០នាក់ នឹងចូលរួមជួយក្នុងដំណើរការ ចាក់ថ្នាំវ៉ាក់សាំងស៊ីវិល ប្រឆាំងមេរោគកូវីដ១៩។

ក្រសួងការពារជាតិ នាពេលថ្មីៗនេះ បានអនុម័តយល់ព្រមលើផែនការ ដែលទីភ្នាក់ងារគ្រប់គ្រងភាពអាសន្នសហព័ន្ធ គ្រោងឲ្យយោធាសហរដ្ឋអាមរិកចូលរួម ក្នុងកិច្ចប្រឹងប្រែង ដែលត្រូវបានគេរំពឹងថា នឹងជួយពន្លឿនដល់ការ ចែកថ្នាំវ៉ាក់សាំងកូវីដ១៩។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោក Slavitt បានមានប្រសាសន៍ប្រាប់ថា ក្រុមដំបូងនឹងធ្វើដំណើរ ទៅដល់រដ្ឋកាលីហ្វូញ៉ា ដើម្បីចាប់ផ្តើមប្រតិបត្តិការ នៅប្រហែលថ្ងៃទី១៥ ខែកុម្ភៈ ហើយនឹងមានបេសកកម្មចាក់ ថ្នាំវ៉ាក់សាំងបន្ថែមទៀត ដែលរៀបចំឡើង នៅពេលពួកគេដល់ទីនោះ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top