Covid-19

ប្រទេស អាហ្រ្វិកខាងត្បូង សម្រេចបញ្ឈប់ការចាក់វ៉ាក់សាំង AstraZeneca ដោយសារមេរោគកូវីដ១៩ ដែលបំលែងខ្លួនថ្មី

បរទេស៖ ប្រទេស អាហ្រ្វិកខាងត្បូង បាន បញ្ឈប់ការដាក់ឲ្យប្រើប្រាស់នូវវ៉ាក់សាំង Oxford-AstraZeneca បន្ទាប់ពីការសិក្សាស្រាវជ្រាវមួយ បានបង្ហាញពីលទ្ធផលគួរឱ្យខកចិត្ត ប្រឆាំងនឹងវីរុសដែលបំលែងខ្លួនថ្មី។ អ្នកវិទ្យាសាស្រ្តនិយាយថា មេរោគកូវីដ១៩ ដែលបំលែងខ្លួនថ្មី មានចំនួន ៩០% នៃករណីឆ្លងថ្មីជំងឺកូវីដ១៩ នៅអាហ្វ្រិកខាងត្បូង។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា សាកល្បងថ្នាំដែលពាក់ព័ន្ធនឹងមនុស្សប្រហែល ២ ០០០ នាក់ បានរកឃើញថាវ៉ាក់សាំងនេះ ផ្តល់ការការពារតិចតួចបំផុតប្រឆាំង នឹងករណីស្រាលនិងមធ្យម ប៉ុន្តែអ្នកជំនាញសង្ឃឹមថាវ៉ាក់សាំង នឹងនៅតែមានប្រសិទ្ធភាព ក្នុងការការពារករណីធ្ងន់ធ្ងរ។

អាហ្រ្វិកខាងត្បូងបានកត់ត្រា ករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាង ១,៤ លាននាក់និង ៤៦ ០០០ នាក់បានស្លាប់ ចាប់តាំងពីការរាតត្បាជំងឺនេះ។ នេះបើយោងតាមទិន្នន័យដែល ត្រូវបានវាយតម្លៃដោយសាកលវិទ្យាល័យ ចន ហូបឃីនស៍។

ប្រទេសនេះបានទទួលការចាក់វ៉ាក់សាំង Oxford-AstraZeneca ចំនួនមួយលានដូស ហើយគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារ ប្រជាជននៅប៉ុន្មានថ្ងៃខាងមុខនេះ។

រដ្ឋមន្រ្តីសុខាភិបាលអាហ្រ្វិកខាងត្បូងលោក Zweli Mkhize បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងរង់ចាំ ទទួលបានការប្រឹក្សាបន្ថែមទៀតអំពីវិធី ដែលល្អបំផុតដើម្បីបន្តប្រើវ៉ាក់សាំង AstraZeneca នេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top