ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១១ខែកុម្ភៈ បានផ្ញើសារចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិន។
ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែនធូបនិងទៀន …ដើម្បីចៀសវាងកុំឲ្យ មានអគ្គីភ័យកើតឡើងដោយការធ្វេស ប្រហែសណាមួយដែល ធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំនិងសូមចូលរួមទប់ ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នាតាមរយៈការអនុវត្តតាមការណែនាំ របស់ក្រសូងសុខាភិបាល។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា “ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យ កើតឡើងដោយការធ្វេសប្រហែសណាមួយដែល ធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។ សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នាតាមរយៈ ការអនុវត្តតាមការណែនាំរបស់ក្រសូងសុខាភិបាល”។
ចំពោះករណីចរាចរណ៍វិញសម្ដេចតេជោ ហ៊ុន សែន លើកឡើងថា” ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួន ធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា”។
សម្ដេចតេជោ ហ៊ុន សែន និងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីក្នុងថ្ងៃចូលឆ្នាំចិន ២០២១ នេះតទៅ៕