ព័ត៌មានអន្តរជាតិ

អង់គ្លេស បារាំងនិងអាល្លឺម៉ង់ ថ្កោលទោស ការវាយប្រហារ របស់ពួកហូធី ទៅលើ អាកាសយានដ្ឋាន អារ៉ាប៊ីសាអូឌីត

បរទេស៖ប្រទេសអង់គ្លេស បារាំងនិងអាល្លឺម៉ង់ នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោស ចំពោះការវាយប្រហារមួយ ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលពួកឧទ្ទាមហូធីនៅយេម៉ែន បានចេញមុខអះអាង ទទួលខុសត្រូវ ដោយនិយាយថា ការរីកសាយនៃកូនដ្រូន បង្កឲ្យគម្រាមកំហែងធ្ងន់ធ្ងរ ដល់ស្ថិរភាពក្នុងតំបន់។ 

អារ៉ាប៊ីសាអូឌីត បាននិយាយប្រាប់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារមួយកាលពីថ្ងៃពុធ ទៅលើអាកាសយានដ្ឋាន អន្តរជាតិ Abha បង្កឲ្យមានភ្លើងឆេះ លើយន្តហោះស៊ីវិល មួយគ្រឿង និងពិពណ៌នាវាថា ជាឧក្រិដ្ឋកម្មសង្គ្រាមធ្ងន់ធ្ងរ។ 

នៅក្នុងលិខិតមួយ ដែលអំពាវនាវ ឲ្យក្រុមប្រឹក្សាសន្តិសុខ ធ្វើការថ្កោលទោស ចំពោះការវាយប្រហារនោះ លោកឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីតប្រចាំ នៅអង្គការសហប្រជាជាតិ Abdallah Al-Mouallimi បានសរសេរថា “ទង្វើនៃអំពើភេរវកម្មបង្កឡើង ដោយពួកហូធីបែបនេះ បន្តធ្វើឲ្យអន្តរាយដល់កិច្ចប្រឹងប្រែង របស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចដំណោះស្រាយ នយោបាយទូលំទូលាយ នៅក្នុងប្រទេសយេម៉ែន”។ 

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន បាននិយាយប្រាប់ថា ខ្លួនបានធ្វើការវាយប្រហារ ដោយកូនដ្រូនមួយ ទៅលើអាកាសយានដ្ឋានអារ៉ាប៊ីសាអូឌីតនោះ៕ ប្រែសម្រួល៖ប៉ាង កុង 


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top