ព័ត៌មានអន្តរជាតិ

បណ្ដាមេដឹកនាំពាណិជ្ជកម្ម អំពាវនាវឲ្យអាមេរិក-ចិន ពង្រឹងទំនាក់ទំនងប្រកបដោយការស្ថាបនា

ប៉េកាំង៖ បណ្ដាមេដឹកនាំពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំចិនថា សហរដ្ឋអាមេរិក និងចិន គួរតែកសាងនូវទំនាក់ទំនងប្រកបដោយការស្ថាបនាបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Stephen Schwarzman ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនមូលធនឯកជនសកល Blackstone Group បានលើកឡើងថា “ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កើតបញ្ហាប្រឈមដែលមិនធ្លាប់មានក្នុងឆ្នាំ២០២០ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមថា ការចែកចាយវ៉ាក់សាំង នឹងបញ្ចប់ការរាតត្បាត និងធ្វើឱ្យពិភពលោកស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច”។  

 លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន ដែលរៀបចំដោយសភាពាណិជ្ជកម្មចិន នៅសហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃពុធ។

 លោក Schwarzman បានលើកឡើងថា នេះគឺជាការចាប់ផ្តើមថ្មី ដែលមនុស្សគ្រប់គ្នានៅក្នុងសហគមន៍ពាណិជ្ជកម្ម និងលើសពីនេះបានទន្ទឹងរង់ចាំចាប់តាំងពីការចាប់ផ្តើមរាតត្បាតរាលដាល។

 លោក Schwarzman បានបន្ថែមថា“ ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការងើបឡើងវិញ ដែលនឹងកើតឡើងនាពេលខាងមុខ” ។  

នៅក្នុងនោះដែរលោក Evan Greenberg ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង Chubb Limited មានទំនាក់ទំនងជាមួយប្រទេសចិនអស់រយៈពេលជិត ៣ ទសវត្សមកហើយ។  ដោយលោកបានលើកឡើងថា“ យើងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់ និងមានការវិវត្តមួយនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលជាទំនាក់ទំនងទ្វេភាគីសំខាន់បំផុត នៅលើពិភពលោក៕

ដោយ ឈូក បូរ៉ា

To Top