ព័ត៌មានអន្តរជាតិ

សាលារៀននៅទីក្រុងហាណូយ ប្រទេសវៀតណាម នឹងបន្តបិទទ្វាររហូតដល់ចុងខែកុម្ភៈនេះ ក្រោយពីរកឃើញករណីឆ្លងវីរុសជាបន្តបន្ទាប់

បរទេស៖ សាលារៀននៅទូទាំងទីក្រុងហាណូយ ប្រទេសវៀតណាម នឹងត្រូវបិទទ្វារយ៉ាងហោចណាស់ រហូតដល់ចុងខែកុម្ភៈនេះ ខណៈដែលរដ្ឋធានីមួយនេះ បានកត់ត្រាករណីឆ្លងវីរុសថ្មីនៅថ្ងៃច័ន្ទ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បាននិយាយនៅក្នុងកិច្ចប្រជុំនៅថ្ងៃច័ន្ទថា ថ្នាក់រៀនតាមប្រព័ន្ធអ៊ិនធ័រណិត អាចជាជំរើសមួយសម្រាប់សិស្សជាង ២លាននាក់ នៅក្នុងទីក្រុងហាណូយ ពីថ្នាក់មត្តេយ្យដល់កំរិតវិទ្យាល័យ។

លោកក៏បានស្នើសុំឱ្យមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង អនុញ្ញាតឱ្យសាកលវិទ្យាល័យ និងមហាវិទ្យាល័យអនុវត្តតាមផងដែរ។

បន្ទាប់ពីការសំរេចចិត្តនេះ ទីក្រុងហាណូយបានក្លាយជាតំបន់មួយ ក្នុងចំណោមតំបន់ចំនួន ១៣ ដើម្បីអនុញ្ញាតឱ្យសិស្សស្នាក់នៅផ្ទះបន្ទាប់ពី ការឈប់សម្រាកបុណ្យចូលឆ្នាំរបស់វៀតណាម ចំពេលមានករណីឆ្លងជំងឺកូវីដ១៩ កើនឡើងនៅទីកន្លែងជាច្រើន។

សាលារៀនត្រូវបានគេគ្រោង នឹងបន្តបើកឡើងវិញនៅថ្ងៃទី ១៧ ខែកុម្ភៈនេះ។ កាលពីឆ្នាំមុន វិបត្តិនៃជំងឺកូវីដ១៩ ក៏បានបង្ខំឱ្យសាលារៀន នៅទូទាំងប្រទេសវៀតណាម បិទទ្វារអស់រយៈពេល ៣ ខែបន្ទាប់ពីបុណ្យចូលឆ្នាំថ្មី របស់ប្រទេសនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top