ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានប្រកាសថា ខ្លួននឹងបន្តគាំទ្រដល់កម្មវិធី សមមូលអប់រំកម្រិត មូលដ្ឋានតាមអ៊ីនធឺណិត(BEEP) របស់អង្គការយូណេស្កូ ក្នុងនាមជាដៃគូទូរគមនាគមន៍ ដោយផ្តល់ឧបករណ៍សិក្សា និងទិន្នន័យសម្រាប់យុវជនក្រៅសាលាឱ្យបញ្ចប់ការអប់រំ អនុវិទ្យាល័យ ដោយធ្វើការងារ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ចាប់តាំងពីបង្កើតកម្មវិធី BEEP ក្នុងឆ្នាំ២០១៨ ដោយអង្គការយូណេស្កូ ជាមួយការគាំទ្រ ពីក្រសួងទាំងពីរនេះ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិការទូរគមនាគមន៍ទូរស័ព្ទចល័ត ឈានមុខគេនៅកម្ពុជា បានគាំទ្រកម្មវិធី BEEP តាមរយៈការផ្តល់លទ្ធភាពចូលទៅកាន់ផ្លាតហ្វម BEEP នេះ ដើម្បីធានាថា យុវជនក្រៅសាលា អាចបញ្ចប់ការសិក្សាកម្មវិធីនេះ និងបន្តការសិក្សា នៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឬសាលាបច្ចេកទេសនានា។
កម្មវិធី BEEP ផ្តល់ជូនមុខវិជ្ជាសរុបចំនួន ១១ ដោយសិក្សាតាមអេឡិចត្រូនិច ដែលសិស្សានុសិស្ស អាចរកបានមុខវិជ្ជាទាំងនេះ សម្រាប់ការរៀនសូត្រ នៅក្នុងកម្មវិធី Moodle ជាភាសាខ្មែរ។ កម្មវិធីនេះ ផ្តល់ជូនការអប់រំ ប្រកបដោយភាពបត់បែន និងបែបជម្រើស ដល់យុវជនក្រៅសាលា ដែលអាចឱ្យពួកគេបញ្ចប់ ការអប់រំថ្នាក់អនុវិទ្យាល័យ ឬការអប់រំមូលដ្ឋានដែលស្មើនឹងថ្នាក់ទី៩។
កម្មវិធី BEEP របស់អង្គការយូណេស្កូ គឺជាផ្នែកមួយ នៃកម្មវិធីការងារសមរម្យ សម្រាប់យុវជន (DEY) ក្នុងដំណាក់កាលទី២ ក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធីរួមគ្នាមួយរវាង អង្គការសហប្រជាជាតិ មួយនេះជាមួយ នឹងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី DEY ដំណាក់កាលទី២ នេះមានបំណងជួយយុវជន និងយុវនារី ក្នុងប្រទេសកម្ពុជា ឱ្យទទួលបានឱកាសកាសការងារ សមរម្យប្រកបដោយ ផលិតភាព តាមរយៈការធានាថា ពួកគេមានសមត្ថភាព កាន់តែប្រសើរដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារ និងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការងារប្រកប ដោយគុណភាព។
កម្មវិធី BEEP ក៏អាចផ្តល់លទ្ធភាព ឱ្យយុវជននិងយុវនារីកម្ពុជាបញ្ចប់ ការអប់រំរបស់ពួកគេ ផងដែរ ខណៈដែលកំពុងបន្ត សកម្មភាពការងារ។ លក្ខណៈសម្បត្តិ ការអប់រំមូលដ្ឋានដែលផ្តល់ ដោយកម្មវិធី BEEP បន្ទាប់ពីបញ្ចប់ការសិក្សា កម្មវិធីនេះ អាចឱ្យសិស្សានុសិស្ស ស្វែងរកឱកាសការងារសមស្រប។
ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ មជ្ឈមណ្ឌលសិក្សា របស់កម្មវិធី BEEP ចំនួន២១ កន្លែង ត្រូវបានបង្កើតឡើង ក្នុងខេត្តចំនួន១២ កន្លែងនៅទូទាំងប្រទេសកម្ពុជា ហើយមជ្ឈមណ្ឌលសិក្សាចំនួន ៣៥ កន្លែងបន្ថែមទៀត គ្រោងនឹងបង្កើតឡើង នៅទូទាំងខេត្តចំនួន ១៥ នៅត្រឹមឆ្នាំ២០២៣។
ក្រុមហ៊ុន Smart Axiata បានប្តេជ្ញាចិត្ត ផ្តល់ធេប្ល៊ីតចំនួន ៣៥០គ្រឿង និងស៊ីមកាតចំនួន ៣៥០ ដែលអាចប្រើប្រាស់ អ៊ីនធឺណិតគ្មានដែនកំណត់ ដោយឥតគិតថ្លៃ ទៅឱ្យសិស្សចំនួន ៥០០នាក់ ដើម្បីចូលយកមុខវិជ្ជាសិក្សា និងផ្តល់ជូនកុំព្យូទ័រយួរដៃចំនួន ៥ សម្រាប់គោលបំណង សម្របសម្រួលកម្មវិធី ទៅឱ្យក្រសួងទាំងពីរ ដែលគ្រប់គ្រងកម្មវិធីនេះ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «លទ្ធភាពទទួលបានការអប់រំ គឺជាសិទ្ធិមនុស្សមូលដ្ឋាន ហើយក្រុមហ៊ុន Smart ជឿទៅលើសិទ្ធិនេះយ៉ាងខ្លាំង។ តាមរយៈការប្រើប្រាស់ឥទ្ធិពល នៃបច្ចេកវិទ្យា យុវជន ជាពិសេសយុវជន ដែលបានចូលរួម ក្នុងកម្លាំងពលកម្មដោយគ្មាន លក្ខណៈសម្បត្តិមូលដ្ឋាន បច្ចុប្បន្នមានឱកាស បន្តការរៀនសូត្រ លូតលាស់និងអភិវឌ្ឍខ្លួន»។ លោកបន្ថែមថា៖ «ការធ្វើឱ្យប្រទេសកម្ពុជា កាន់តែរីកចម្រើនតាមរយៈ ការអប់រំគឺជាការកត្តាជំរុញ ដែលស្ថិតនៅពីក្រោយកម្មវិធីជាច្រើន របស់យើង ហើយយើងមានមោទនភាព ក្នុងការបន្តភាពជាដៃគូ របស់យើងជាមួយអង្គការយូណេស្កូ និងក្រសួងពាក់ព័ន្ធ ដើម្បីដោះស្រាយតម្រូវការបន្ទាន់ នៃការផ្តល់ឱកាសអប់រំ ដែលកំពុងធ្វើឡើងដល់យុវជន»។
ក្រុមហ៊ុន Smart Axiata នឹងផ្តល់អ៊ីនធឺណិតដោយឥតគិតថ្លៃផ្តល់សិស្ស ដែលបានចុះឈ្មោះ ដើម្បីទទួលបានមេរៀនអេឡិចត្រូនិច ហើយអាចចូលយក មុខវិជ្ជាណាមួយ ដែលពួកគេចាប់អារម្មណ៍ នៅទីតាំងរបស់ពួកគេផ្ទាល់។
វិធីមួយដែលកម្មវិធី BEEP អាចធ្វើឱ្យមានឥទ្ធិពលខ្លាំងនិងមានរយៈពេលយូរអង្វែង គឺតាមរយៈការភ្ជាប់ខ្លួន ទៅនឹងកម្មវិធីអក្ខរកម្មនៅតាមរោងចក្រ (FLP) ដែលអាចឱ្យយុវនារីដែលធ្វើការ នៅរោងចក្រទទួលបាន បំណិនអក្ខរកម្មមូលដ្ឋាន និងអាចឱ្យពួកគេដឹង អំពីសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។
សិស្សដែលជាប់ការប្រឡង បញ្ចប់មុខវិជ្ជានេះ ត្រូវបានផ្តល់ជូនវិញ្ញាបនបត្រ បញ្ចប់ការសិក្សាមួយ ដែលផ្តល់ជូនដោយមន្ទីរអប់រំយុវជន និងកីឡានៅតាមខេត្តរៀងៗខ្លួន ដែលត្រូវបានទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា (ដែលជាមុខវិជ្ជាស្មើរនឹងកម្រិតអប់រំថ្នាក់ទី៦)។
កម្មករនិងកម្មករីរោងចក្រ ដែលបញ្ចប់ការសិក្សា ពីកម្មវិធី FLP អាចបន្តការអប់រំ របស់ពួកគេបានតាមរយៈ ការចុះឈ្មោះក្នុងកម្មវិធីBEEP ហើយទទួលបានភាព សមមូលទៅនឹងការអប់រំ ថ្នាក់អនុវិទ្យាល័យផងដែរ។
លោក Sardar Umar Alam អ្នកតំណាងរបស់អង្គការយូណេស្កូ បានថ្លែងថា៖ «អង្គការយូណេស្កូ មានសេចក្តីរីករាយ ក្នុងការបន្តធ្វើការងារជាមួយ ក្រុមហ៊ុន Smart Axiata ដែលផ្តល់ដំណោះស្រាយ អប់រំឌីជីថលប្រកបដោយ ភាពបត់បែន សម្រាប់សិស្សដែលសិក្សា នៅតាមមជ្ឈមណ្ឌលសិក្សា របស់កម្មវិធី BEEP ដើម្បីបន្តការសិក្សាពីចម្ងាយ របស់ពួកគេ»។
លោកបន្ថែមថា៖ «ភាពជាដៃគូសាធារណៈ និងឯកជន នឹងបង្កើតបានជាឱកាសកាន់តែច្រើនថែមទៀត ដើម្បីធានាថា យុវជនយុវនារីអាចទទួលបានការអប់រំប្រកបដោយគុណភាព និងជំនាញ ដែលតម្រង់ទិសឆ្ពោះទៅរកការងារ»៕