ព័ត៌មានអន្តរជាតិ

អាមេរិក និងសម្ពន្ធមិត្តអឺរ៉ុប ថ្កោលទោសការវាយប្រហារ នៅអ៊ីរ៉ាក់

បរទេស៖ សហរដ្ឋអាមេរិក ជាមួយសម្ពន្ធមិត្តអឺរ៉ុបខាងលិច នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសការវាយប្រហារ ដោយគ្រាប់រ៉ុកកែតកាលពីថ្ងៃចន្ទ ទៅលើមូលដ្ឋានយោធាដឹកនាំ ដោយអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង បានបណ្ដាលឲ្យអ្នកម៉ៅការស៊ីវិលម្នាក់ស្លាប់ និង៩នាក់ផ្សេងទៀតរងរបួស។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ មន្ត្រីការទូតបាននិយាយថា “យើង ដែលជារដ្ឋមន្ត្រីការបរទេស របស់ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារដោយរ៉ុកកែតកាលពីថ្ងៃទី១៥ ខែកុម្ភៈ នៅក្នុងតំបន់ឃឺដអ៊ីរ៉ាក់”។

ចេញដោយក្រសួងការបរទេសអាមេរិក សេចក្តីថ្លែងការណ៍មួយពី លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken រួមជាមួយមន្ត្រីការទូតជាន់ខ្ពស់ របស់ប្រទេសផ្សេងទៀត បាននិយាយថា ពួកលោកគាំទ្រការស៊ើបអង្កេតរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ចំពោះការវាយប្រហារនោះ ជាមួយទស្សនៈឲ្យអ្នកប្រព្រឹត្តធ្វើការទទួលខុសត្រូវ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំងនោះ បាននិយាយដូច្នេះថា “យើងរួមសាមគ្គីគ្នាក្នុងទស្សនៈរបស់យើងថា ការវាយប្រហារលើបុគ្គលិកអាមេរិក និងកងកម្លាំងចម្រុះ និងទីតាំងនានានោះ នឹងមិនត្រូវបានអត់ធ្មត់នោះទេ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top