Covid-19

លោក គឹម សន្តិភាព៖ ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានមិនពិត ពីការស្លាប់ដោយចាក់វ៉ាក់សាំងកូវីដ១៩ នឹងទទួលទោសព្រហ្មទណ្ឌដូចគ្នា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានគូសបញ្ជាក់ថា ការស៊ែរ (Share) អត្ថបទនិងការផ្សព្វផ្សាយនូវ ព័ត៌មានមិនពិតពាក់ព័ន្ធនឹងការស្លាប់ ដោយសារការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឈ្មោះ Sinopharm របស់ចិនកន្លងមកថ្មីៗនេះនឹងត្រូវ ទទួលទោសព្រហ្មទណ្ឌដូចគ្នា។

លោក គឹម សន្តិភាព បានគូសបញ្ជាក់ក្នុងសន្និសីទ សារព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា «អ្នកដែលផ្សព្វផ្សាយព័ត៌មានថា អ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sinopharm របស់មហាមិត្តចិនថ្មីៗនេះ គឺជាការធ្វើឲ្យយើងទាំងអស់គ្នា នៅក្នុងសង្គមមានបញ្ហាក្នុងអារម្មណ៍ ភ្លាមរួមទាំងអ្នកទទួលបានចាក់វ៉ាក់សាំងផង និងអ្នកមិនទាន់ទទួលផងដែរ»។

លោកបន្តថា អ្នកដែលបញ្ចេញព័ត៌មានមិនពិតនេះ នឹងទទួលទោសព្រហ្មទណ្ឌត្រង់មាត្រា៤៩៥ នៃច្បាប់ព្រហ្មទណ្ឌហើយសម្រាប់អ្នក ដែលចែកចាយបន្តក៏ជាប់ពាក់ព័ន្ធផងដែរ ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា «ចង់មិនចង់គឺជាការស្រាវជ្រាវ របស់អាជ្ញាធរមានសមត្ថកិច្ចពីព្រោះការស៊ែរ មានន័យថា ជាគោលបំណងនៃការផ្សព្វផ្សាយ អីចឹងចង់ឬមិនចង់ជាកម្មវត្ថុមួយ របស់អាជ្ញាធរសមត្ថកិច្ច។ អីចឹងខ្ញុំសូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋមុននឹងស៊ែរព័ត៌មានអ្វីមួយ សូមមើលប្រភពឲ្យបានច្បាស់លាស់ ។ ប្រភពព័ត៌មានគឺសំខាន់ថា ព័ត៌មានហ្នឹងពិតឬមិនពិត ។ អីចឹងមានចម្លើយលើកឡើងថា ព័ត៌មាននេះខ្ញុំមិនដឹងថា ពិតឬមិនពិតនោះទេ? ចម្លើយ!នេះ ត្រូវឆ្លើយចំពោះសមត្ថកិច្ច។ អីចឹងអ្នកធ្វើការចែកចាយព័ត៌មានចង់ ឬមិនចង់ត្រូវតែឆ្លើយចំពោះមុខសមត្ថកិច្ច ពីព្រោះគាត់មានកាតព្វកិច្ចសួរនាំ។ ការចែកចាយព័ត៌មានមិនពិត បានធ្វើឲ្យខាត់ទាំងពេលវេលា និងត្រូវជាប់ជំពាក់ទោសទណ្ឌថែមទៀត បើសិនគ្មានទឡ្ហីករណ៍ក្នុងការដោះស្រាយ បន្ទុកចំពោះការចោទប្រកាន់។ អីចឹងសូមឲ្យបងប្អូនយកចិត្តទុកដាក់ ចំពោះការស៊ែរព័ត៌មានដែលកើតឡើង ពីការធ្វេសប្រហែសណាមួយ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ។

អ្នកនាំពាក្យអះអាងថា ជាទូទៅព័ត៌មានមិនពិតមានពលរដ្ឋ ធ្វើការស៊ែរចែករំលែកមានចំនួនច្រើន តែផ្ទុយទៅវិញព័ត៌មានពិតមិនសូវ មានការស៊ែរចែករំលែកតគ្នានោះទេ ។ ចំណុចនេះធ្វើឲ្យមានទោសទណ្ឌ ដោយការធ្វេសប្រហែស ៕

ដោយ ស.សំណាង

To Top