ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅកម្ពុជា នាពេលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុ ជា បានប្រកាសមិនបិទសាលារៀន ឬផ្អាកពិធីមង្គលការ និងពិធីនានានោះទេ ហើយអ្នកជនបទមិនត្រូវរើសអើងអ្នក ទីក្រុងឡើយ។ ប៉ុន្ដែប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ ដូចជា ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពសង្គម និងលាងដៃជាញឹកញាប់ ជាដើម។
សូមជម្រាបថា ព្រឹត្តិការណ៍ឆ្លងកូវីដ-១៩ នៅសហគមន៍ ២០ កុម្ភៈ នៅរាជធានីភ្នំពេញ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីថ្ងៃទី១៨ រហូតដល់ព្រឹកថ្ងៃទី ២០ កុម្ភៈ រកឃើញអ្នកឆ្លងកូវីដ-១៩ ដំបូងចំនួន៣២នាក់ហើយ។ ការដឹងពីការឆ្លងសហគមន៍នេះ ដោយសារតែអ្នកពាក់ព័ន្ធនឹងក្លិប N 8 បានទៅធ្វើតេស្តរកកូវីដ-១៩ ដើម្បីចេញទៅក្រៅ ប្រទេស។
ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេសទាក់ទង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបង្កើនការប្រុងប្រយ័ត្នចំ ពោះជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំមិនចេញបញ្ជាដើម្បីបិទនៅការរៀបចំមង្គលការ បិទសាលារៀន ឬកម្មវិធីផ្សេងៗ នោះទេ។ ក្នុងករណីដែលប្រជាពលរដ្ឋត្រូវអនុវត្តតាម ខ្ញុំមានលក្ខណ័របស់ខ្ញុំ ពេលនេះខ្ញុំអំពាវនាវ សូមឲ្យអនុវត្តវិធាន ការ បីការពារ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ជាដើម»។
សម្ដេចតេជោ បន្ដថា «ខ្ញុំអំពាវនាវ ដោយមិនហាមឃាត់ ការរៀបចំពិធីការ រៀបចំការកូន ការចៅ ឬការជួបជុំនានា ក្នុងលក្ខណ័តែត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ចាប់១ម៉ែត្រកន្លះឡើងទៅ»។
សម្តេចតេជោ បន្ដថា សម្តេចមិនបានលុបចោលកម្មវិធី នៅក្រសួងមហាផ្ទៃ និងសម្ពោធសណ្ឋាគារមួយកន្លែងរបស់ អាមេរិក នៅក្នុងរាជធានីភ្នំពេញ នាពេលខាងមុខនេះ ប៉ុន្ដែត្រូវអនុវត្តវិធានការ សុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
សម្ដេចតេជោ បញ្ជាក់ថា វិធានការខាងលើនេះ គឺជាវិធានយ៉ាងល្អកុំឲ្យឆ្លងជំងឺកូវីដ-១៩បន្ថែមទៀត។ សម្ដេចជឿជាក់ ថា ព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ អាចនឹងបិទបញ្ចប់មិនដល់ ១ខែទេ ព្រោះតំបន់ខ្លះគ្រប់គ្រងបានមួយចំនួនហើយ។ ដូច្នេះ ប្រជាពលរដ្ឋត្រូវយកវិធានការចាំបាច់មុនគេគឺ ពាក់ម៉ាស់ នៅគ្រប់ទីកន្លែងទាំងអស់។ សម្ដេចមានក្ដីសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នឹងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យបានទាំងអស់។
ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ កុំមានការរើសអើងចំពោះអ្នកទី ក្រុងភ្នំពេញ ឬជនជាតិចិន ក្រោយពីមានប្រជាជននៅតាមជនបទមួយចំនួន មានការរើសអើងអ្នកទីក្រុងភ្នំពេញ ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩។ ខណៈបច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ កំពុងកើតមានការឆ្លងជំងឺកូវីដ-១៩ចូលក្នុង សហគមន៍។
សម្ដេចតេជោ មានប្រសាសន៍បន្ថែមថា «ហើយសូមកុំមានការរើសអើងឲ្យសោះ ទាំងអ្នកនៅទីក្រុងភ្នំពេញ ទៅជនបទ ទៅលេងកន្លែងនេះ កន្លែងនោះ ទាំងចំពោះបងប្អូនពលករចិន ក៏ដូចជា ជនជាតិបរទេសទាំងឡាយ ដែលកំពុងសម្រាកព្យាបាលជំងឺនៅកម្ពុជាមានដូចជា ឥណ្ឌូនេស៊ី ឥណ្ឌា ជាដើម»៕
ដោយ៖ អេង ប៊ូឆេង