ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងសារពិសេ សទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចបានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងចូលសហគមន៍ ២០ កុម្ភៈ ។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញកូវីដ១៩ថ្មីនេះ ជាព្រឹត្តិការណ៍អាក្រក់និងធ្ងន់ធ្ងរ ដែលត្រូវតែបង្កើន ការការពារបន្ថែមទៀត។ ពាក់ព័ន្ធទៅនឹងការឆ្លងចូលសហគមន៍ ២០កុម្ភៈ នេះ សម្តេចតេជោ ចេញបទបញ្ជា និងអំពាវនាវ ឲ្យពលរដ្ឋខ្មែរ ចំនួន៦ចំណុច ដូចតទៅ៖
ទី១-សម្តេចតេជោ ស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឲ្យមានការបិទអគារ ក្លឹបកម្សាន្តN8 និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់ ដោយមិនអនុញ្ញាតអោយចេញ-ចូល លើកលែងតែអ្នកដែលជាម្ចាស់ផ្ទះក្នុងតំបន់នោះ គឺអោយចូល តែមិនអនុញ្ញាតអោយចេញ ។
ទី២-បន្តយកសំណាកធ្វើតេស្ត សម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ ហើយបន្ទាប់ពីធ្វើតេស្ត ហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដែលចំនួននៃការធ្វើតេស្ត អាចនឹងមានចំនួនច្រើន។
ទី៣-អាជ្ញាធរត្រូវបន្តស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប N8 ទោះទៅដល់ទីណាក៏ដោយ ដើម្បីស្វែងរកមកធ្វើតេស្ត នឹងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។
ទី៤-ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកដែល មានការពាក់ព័ន្ធទាំងអស់ និងត្រូវយកសំណាករបស់ពួកគាត់មកធ្វើ តេស្តផងដែរ ។
ទី៥- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លឹប N8 ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមាន ជំងឺកូវីដ១៩ ទាំង៣២នាក់នេះ ម្ចាស់ការមកឱ្យពិនិត្យសំណាក ជាចាំបាច់បំផុត។
និងទី៦- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានជាប់លាប់ល្អតាមការណែនាំ របស់ក្រសួងសុខាភិបាល ៕