បរទេស៖ ចំនួនទារកទើបនឹងកើត នៅក្នុងប្រទេសចិនដែល បានចុះឈ្មោះជាមួយប៉ូលីសបានធ្លាក់ចុះទ្វេដង កាលពីឆ្នាំមុនដែលជាសញ្ញាបង្ហាញថា អត្រាកំណើតកំពុងបន្តធ្លាក់ចុះ និងសម្ពាធប្រជាសាស្ត្រកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសដែលមានវ័យចំណាស់នេះ។
យោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយយោងតាមទិន្នន័យចេញផ្សាយ ដោយក្រសួងសន្តិសុខសាធារណៈនៅថ្ងៃច័ន្ទ មានទារកសរុបចំនួន ១០,០៤ លាននាក់ ដែលបានចុះឈ្មោះជាមួយរដ្ឋាភិបាលក្នុងឆ្នាំ ២០២០ គឺទាបជាងឆ្នាំ ២០១៩ ចំនួន ១៤,៨% ។
តួលេខនេះជាធម្មតាទាបជាង ចំនួនកំណើតពិតប្រាកដនៅក្នុងប្រទេស ដោយសារឪពុកម្តាយខ្លះមិនបាន ចុះឈ្មោះកូនរបស់ពួកគេភ្លាមៗ។ នៅឆ្នាំ ២០១៩ មានទារកចំនួន ១១,៧៩ លាននាក់បានចុះឈ្មោះ ហើយកុមារ ១៤,៦៥ លាននាក់បានកើត។ ការិយាល័យស្ថិតិនឹងចេញផ្សាយ ទិន្នន័យកំណើតផ្លូវការនៅខែមេសា។
សូមជម្រាបថា ចំនួនប្រជាជនរបស់ប្រទេសនេះ គឺឆាប់ចាស់ជាងប្រទេសដែលមាន សេដ្ឋកិច្ចអភិវឌ្ឍន៍ភាគច្រើន នៅលើពិភពលោក ដែលជាការខកចិត្តមួយពីគោលនយោបាយ ផែនការគ្រួសារជាច្រើនទសវត្សមកហើយ។ ប្រទេសចិនបានព្យាយាមបង្កើនអត្រា កំណើតអស់រយៈពេលជាច្រើនឆ្នាំមកហើយ សូម្បីតែបន្ទាប់ពីបានបន្ធូរបន្ថយ គោលនយោបាយយកកូនតែមួយនៅក្នុងឆ្នាំ ២០១៣ និងអនុញ្ញាតឱ្យគ្រួសារនីមួយៗ មានកូនពីរនាក់នៅក្នុងឆ្នាំ ២០១៦ ។
ប្រែសម្រួលៈ ណៃ តុលា