ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម៖ យុវជនត្រូវខិតខំសិក្សា ពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាអ្នកបន្តវេន ក្នុងការអភិវឌ្ឍប្រទេសជាតិ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹកដល់ក្រុមយុវជន ត្រូវខិតខំសិក្សាដើម្បីបង្កើន សមត្ថភាពរបស់ខ្លួន ឱ្យសក្កិសមជាអ្នកបន្តវេន ខណៈប្រទេសជាតិកំពុងតែមានការអភិវឌ្ឍ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងឱកាសចូលរួមសំណេះសំណាល ជាមួយមន្ត្រីរាជការ គ្រូបង្រៀន សិក្សានុសិស្ស នៅស្រុកកងមាស ខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំធ្វើអោយប្រទេសជាតិរបស់យើងមាន ការរីកចម្រើនឥតឈប់ឈរ ។ ដូច្នេះខណៈពេលដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព នឹងការរីកចម្រើននេះ ក្រុមយុវជនរបស់យើង អាចមានឱកាស ខិតខំសិក្សា ពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យសក្កិសមជាអ្នកបន្តវេន ដូចពាក្យចាស់ពោលថា ទំពាំងស្នងឬស្សីនោះ ។

លោកអភិបាលខេត្ត បានបន្តទៀតថា ក្នុងខណៈពេលដែលប្រទេសជាតិ របស់យើងកំពុងមានសុខសន្តិភាព គឺជាឱកាសពង្រឹងធនធានមនុស្ស ដែលចំណុចនេះត្រូវបានរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រជាអតិភាព កំណត់នូវប៉ូល ៤ គឺផ្ដោតសំខាន់ទៅលើការ បណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាប៉ូលអទិភាព ដែលត្រូវយកចិត្តទុកដាក់ បន្ទាប់មកគឺការកសាងផ្លូវ សម្រាប់សម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងការប្រកបមុខរបរដឹកកសិផលផ្សេងៗជាដើម និងប៉ូលបន្តបន្ទាប់មាន ទឹក និងអគ្គិសនី។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងពេលបច្ចុប្បន្ននេះ ប៉ូលអទ្ធិភាព១នៃប៉ូលទាំង៤ គឺការកសាងធនធានមនុស្ស ពោលគឺ ការរៀបចំបណ្ដុះបណ្ដាល ដើម្បីឲ្យមានយុវជនជាអ្នកបន្តវេន ពីព្រោះប្រទេសជាតិរបស់យើងនៅមានការអភិវឌ្ឍ រីកចម្រើនតទៅមុខទៀត ដូច្នេះត្រូវតែមានការរៀបចំឲ្យមានអ្នកបន្តវេន ដោយមានសមត្ថភាព ពិតប្រាកដ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ របស់យើងឲ្យកាន់តែរីកចម្រើន ៕

To Top