ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ជំរុញឲ្យមាន​វិស្វករជាស្ដ្រី សិក្សានៅវិទ្យាស្ថាន តេជោសែន ដោយបញ្ចុះតម្លៃ ៥០%

ភ្នំពេញ ៖ ថ្លែងចំពោះមុខ សិស្សានុសិស្សរាប់រយនាក់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យមាន​វិស្វករសាងសង់ ផ្លូវ ស្ពាន កំពង់ផែជាស្ដ្រី ដោយលើកទឹកចិត្ត សិក្សានៅវិទ្យាស្ថាន​តេជោសែន សាធារណការ និងដឹកជញ្ជូន ដោយបញ្ចុះតម្លៃចំនួន ៥០%។

សិស្សនិស្សិត អាចចុះឈ្មោះ​​ ប្រឡងចូលរៀន នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយចាប់ទទួលពាក្យ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

ក្រោយបញ្ចប់កម្មវិធី តម្រង់ទិសជំនាញសិក្សា និងការងារ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នាថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា នៅកម្ពុជាត្រូវការអ្នកជំនាញ វិស្វករច្រើន ដោយសារកម្ពុជា មានការរីកចម្រើន ឥតឈប់ឈរ ដូច្នេះ ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានច្រើន ដើម្បីទាក់ទាញអ្នក វិនិយោគមកកម្ពុជា បន្ថែមទៀត។

លោកបញ្ជាក់យ៉ាងដូច្នេះថា «គ្រប់សិស្សជាស្ដ្រី មកដាក់ពាក្យចូលរៀន នៅវិទ្យាស្ថានតេជោសែន គឺយើងបញ្ចុះតម្លៃ៥០ ភាគរយ ព្រោះខ្ញុំចង់ជំរុញឲ្យមានវិ ស្វករខាងស្ដ្រីផង កុំឲ្យថា មានវិស្វករបុរសសាងសង់ផ្លូវ ស្ពានបាន មិនមែនទេស្ដ្រី កសាងបានដែរ ដើម្បីលើកទឹកចិត្ត ស្ដ្រីខ្មែរយើង ក្លាយជាវិស្វករមួយ យើងខ្ញុំបញ្ចុះតម្លៃ ឲ្យ៥០ភារយ»។

លោកបន្ដថា «ព្រោះខ្ញុំចង់ឃើញស្ដ្រីខ្មែរ វិស្វករកសាងផ្លូវ កសាងស្ពាន កសាងផ្លូវដែន ជាដើម។ បុរសក៏មាន ស្ដ្រីក៏មាន ធ្វើការងារបានដូចគ្នា ដូច្នេះ ផ្ដល់អាហារូបករណ៍ ៥០ភាគរយ ចំពោះស្ដ្រី ជានិស្សិតរបស់យើង។ ការងារប្រទេសជាតិ តម្រូវឲ្យយើងកសាង ផ្លូវ ភ្លើង ទឹក ធនធានមនុស្ស»។

លោកក៏មានក្ដីសង្ឃឹមថា ក្រោយបញ្ចប់ការសិក្សា នៅវិទ្យាស្ថានតេជោសែន និស្សិតអាចសាងសង់ ស្ពានឆ្លងទន្លេ សាង សង់ផ្លូវ ជាដើម ដោយមិនពឹងផ្អែក លើអ្នកបច្ចេកទេសបរទេស។ លោកថា បច្ចុប្បន្ននៅកម្ពុជា មានគម្រោងសាងសង់ហេ ដ្ឋានរចនាសម្ព័ន្ធយ៉ាងច្រើន ហើយចំណាយថវិកា រាប់ពាន់លានដុល្លារ ដូច្នេះ នៅកម្ពុជាត្រូវការវិស្វករច្រើន ដើម្បីចូលរួម អនុវត្តគម្រោងនានា របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីសាធារណការ ក៏បានលើកឡើងថា ក្រោយបញ្ចប់ការសិក្សា និស្សិតនឹងមានអាទិភាព ក្នុងការប្រឡងចូលក្របខណ្ឌ ក្រសួងសាធារណការ ,កំឡុងពេលសិក្សា និស្សិតអាចចុះអនុវត្តជាក់ស្ដែង តាមការដ្ឋាន នានា ដែលកំពុងសាងសង់ ផ្លូវថ្នូល់ទូទាំងប្រទេស ដោយក្រសួងសាធារណការ និងក្រុមហ៊ុន ,និស្សិតអាចុះហ្វឹកហាត់ ការងារ (Intmship) នៅតាមបណ្ដាលក្រុមហ៊ុន ឬអង្គភាពក្រោមឱវាទក្រសួង ដែលកំពុងសាងសង់ផ្លូវថ្នល់ និងគម្រោងនានា លើវិស័យសាធារណការ និងដឹកជញ្ជូន ,និស្សិតមានឱកាស ទទួលបាន អាហារូបករណ៍ នៅបន្ដការសិក្សា នៅក្រៅប្រទេស។

សូមរំលឹកថា លក្ខខណ្ឌដាក់ពាក្យចូលរៀន នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បេក្ខជនត្រូវមានស ញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។ តម្លៃសិក្សា ៦០០ដុល្លារ ក្នុង១ឆ្នាំ ហើយអាហារូបករណ៍ ១០០% សម្រាប់និស្សិតឆ្នើម ចំនួន៥០នាក់ រយៈពេល៤ឆ្នាំ (៥ឆ្នាំសម្រាប់វិស្វករ) ។

ដោយឡែក អាហារូបករណ៍៥០% សម្រាប់និស្សិតនារី រយៈពេល៤ឆ្នាំ (៥ឆ្នាំសម្រាប់វិស្វករ)៕ ដោយ ៖ អេង ប៊ូឆេង

To Top