Covid-19

លោកស្រី ឱ វណ្ណឌីន ថ្កោលទោស និងច្រានចោលការចុះផ្សាយថា កម្ពុជាលួចលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយចិន

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានប្រកាសថ្កោលទោស និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយថា កម្ពុជាបានលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិន។

ការប្រកាសថ្កោលទោស និងច្រានចោលរបស់អ្នកនាំពាក្យ ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពី សារព័ត៌មានឈ្មោះ Angkor Times បានផ្សព្វផ្សាយតាមបណ្តាញ We chat ដោយប្រើប្រាស់ចំណងជើងថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិន មកលក់ក្នុងតម្លៃថ្លៃ»។

តាមរយៈសារជាសំឡេងប្រមាណជាង ២នាទី នៅរសៀលថ្ងៃទី២៤ កុម្ភៈនេះ លោកស្រី ឱ វណ្ណឌីន សង្កត់ធ្ងន់ថា «ខ្ញុំសូមច្រានចោល ចំពោះការផ្សាយរបស់សារព័ត៌មាន Angkor Times ។ យើងមិនមានឲ្យអ្នក ដែលទៅចាក់បង់ប្រាក់នោះទេ ហើយបច្ចុប្បន្ននេះយើងអត់មាន វ៉ាក់សាំងណាដែលចាក់ឲ្យក្នុងតម្លៃ ហ្នឹង(១២០ដុល្លារ)ដែរ ពីព្រោះវ៉ាក់សាំងយើងមានកម្រិត ហើយយើងសុទ្ធតែកំណត់មុខសញ្ញា សម្រាប់ក្រុមមនុស្សដែលត្រូវមកចាក់ ហើយយើងមានបញ្ជីឈ្មោះ អ្នកចាក់ត្រឹមត្រូវ»។

លោកស្រីអ្នកនាំពាក្យ ក៏បានសុំអធ្យាស្រ័យ ចំពោះប្រជាពលរដ្ឋ ដោយសារចំនួនវ៉ាក់សាំង ជំហានដំបូងនេះមានកម្រិត មិនអាចចាក់ឲ្យគ្រប់គ្នាបាន ។ លោកស្រីថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិននៅកម្ពុជា គឺបាននិងកំពុងចាក់ ទៅលើក្រុមមនុស្សអាទិភាព ដែលក្រសួងសុខាភិបាល ប្រកាសប៉ុណ្ណោះ ។

សូមរំលឹកថា ជំនួយវ៉ាក់សាំង របស់មិត្តដែកថែបចិនក្នុងចំណោម ១លានដូស ជាជំហានដំបូងចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ។ នៅសល់ ៤០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ ។

គួរឲ្យដឹងផងដែរថា គិតចាប់ពីថ្ងៃទី១០-២៣ កុម្ភៈ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ១៩ ជូនជនស៊ីវិលបានចំនួន ៧.៧៧០នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ២.៥៨៣នាក់ ។ ដោយឡែកក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ជូនកងកម្លាំងចំនួន ៣៦.៧៣៥នាក់ ក្នុងនោះមានស្ត្រី ៣.១៨៣នាក់៕

To Top