នយោបាយ

វិភាគ: តើរបបសឹកមីយ៉ានម៉ា អាចស៊ូទ្រាំនឹងទម្ងន់សម្ពាធទាំងក្នុង និងក្រៅប្រទេសបានរហូតដល់ពេលណា ?

បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ NHK បានចុះផ្សាយនៅថ្ងៃពុធ ទី២៤ ខែកុម្ភៈនេះថា របបសឹករបស់សហភាពមីយ៉ានម៉ា កំពុងទទួលរងសម្ពាធ​ កាន់តែធ្ងន់ធ្ងរឡើង ជាលំដាប់ទាំងនៅក្នុងស្រុក និងទាំងខាងអន្តរជាតិ ខណៈដែលក្បួនបាតុកម្ម របស់ក្រុមប្រជាបាតុករ កាន់តែបន្តរីកធំឡើង ។

លោក Tengku Faizasyah អ្នកនាំពាក្យក្រសួងការបរទេស របស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា កងកម្លាំងយោធារបស់សហភាពមីយ៉ានម៉ា មិនអាចបង្ក្រាបដ៏ហិង្សា ដែលនាំអោយមានការរងរបួស ឬបាត់បង់ជីវិតក្រុមបាតុករ ដែលមានតែដៃទទេនោះទេ ។ សម្ពាធក្នុងស្រុក ដែលកំពុងតែសង្កត់លើរបបសឹកមីយ៉ានម៉ា នៅពេលបច្ចុប្បន្ននេះ គឺក្រុមបាតុករកាន់តែច្រើន បានទៅចូលរួមធ្វើបាតុកម្មនៅទីក្រុងសំខាន់ៗ និងនៅទូទាំងប្រទេស ក្នុងគោលដៅប្រឆាំងរដ្ឋប្រហារ ដោយកងកម្លាំងយោធាកាលពីថ្ងៃទី១ ខែកុម្ភៈនេះ ។

ក្រុមបាតុករ ហាក់ដូចជាមិនខ្លាចញញើត ចំពោះការបង្ក្រាប ពីសំណាក់កងកម្លាំងនគរបាល ឬយោធានោះទេ ទោះបីរបបសឹក បានដាក់ពង្រាយកងកម្លាំងកាន់តែច្រើន និងចល័តរថក្រោះ រថពាសដែក និងគ្រឿងយុទ្ធោបករណ៍ កាន់តែច្រើននៅទូទាំងប្រទេសក៏ដោយ ។ សម្ពាធ ក្នុងស្រុកដែលធ្ងន់ធ្ងរជាងគេ លើរបបសឹកមីយ៉ានម៉ា គឺបុគ្គលិកធ្វើការងាររដ្ឋ ក្រុមហ៊ុន និងអង្គការមួយចំនួន មិនបានទៅបំពេញការងារប្រចាំថ្ងៃរបស់ខ្លួនទេ គឺពួកគេបានទៅចូលរួមធ្វើបាតុកម្ម ដែលនាំអោយការងាររដ្ឋ និងឯកជនមានភាពរអាក់រអួល ។

ក្រោយពីរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ចរន្តការងារមួយចំនួននៅក្នុងប្រទេសនេះ មានភាពរអាក់រអួលរួចទៅហើយ ដោយសារប្រព័ន្ធ Internet ត្រូវបានកាត់ផ្តាច់ ជាពិសេសគឺប្រព័ន្ធបណ្តាញសង្គម Facebook ជាដើម ក្នុងបំណងទប់ស្កាត់ក្រុមបាតុករ កុំអោយប្រើប្រាស់ប្រព័ន្ធនេះ អូសទាញប្រជាពលរដ្ឋ អោយចូលរួមធ្វើបាតុកម្មប្រឆាំងរបបសឹក និងផ្សព្វផ្សាយបំប៉ោងព័ត៌មាន ក្នុងក្បួនបាតុកម្ម ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច របស់ប្រទេសជប៉ុន បាននិយាយថា របបសឹកមីយ៉ានម៉ា មិនអាចបន្តដំណើរទៅមុខទៀតបានទេ ប្រសិនបើចរន្តការងារ នៅក្នុងរដ្ឋាភិបាលរបស់ប្រទេសនេះ មិនដំណើរការទៅមុខ ឬមានភាពរអាក់រអួលខ្លាំងដោយសារបាតុកម្ម ។

អ្នកជំនាញដដែលបានបន្តថា របបសឹកត្រូវការថវិការជារៀងរាល់ខែ យកទៅផ្គត់ផ្គង់មន្ត្រី និងបុគ្គលិករដ្ឋាភិបាលជាប្រាក់បៀរវត្សរ៍ ហើយប្រសិនបើចរន្តការងារត្រូវរាំងស្ទះ របបសឹកនឹងមិនមានថវិកា សម្រាប់បើកប្រាក់បៀរវត្សរ៍ជូនមន្ត្រី និងបុគ្គលិកនោះទេ ។ ប្រសិនបើមន្ត្រីរដ្ឋការ ដូចជាគ្រូពេទ្យ គ្រូបង្រៀន និងក្រសួងស្ថាប័ននានានៅទូទាំងប្រទេសនេះ មិនបានទទួលប្រាក់បៀរវត្សរ៍ប្រចាំខែ មន្ត្រីរដ្ឋការទាំងនោះ នឹងឈប់បំពេញការងារប្រចាំថ្ងៃ និងទៅចូលរួមធ្វើបាតុកម្ម ប្រឆាំងរបបសឹកជាក់ជាមិនខាន ។

ចំណែកសម្ពាធអន្តរជាតិវិញ ក៏កំពុងតែដាក់ទម្ងន់កាន់តែធ្ងន់ធ្ងរឡើង លើរបបសឹកមីយ៉ានម៉ាដែរ ដែលជាសម្ពាធផ្នែកការទូត ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការដាក់ទណ្ឌកម្ម លើមន្ត្រីជាន់ខ្ពស់ខាងយោធាមួយចំនួន ដោយបង្កកសាច់ប្រាក់ក្នុងធនាគារ ។

ពាក់ព័ន្ធនឹងសម្ពាធអន្តរជាតិ លើរបបសឹកមីយ៉ានម៉ានេះដែរ កាលពីថ្ងៃអង្គារ ទី២៣ ខែកុម្ភៈនេះ រដ្ឋមន្ត្រីការបរទេស មកពីប្រទេសមានឧស្សាហកម្ម លូតលាស់ទាំង៧ (G7) រួមទាំងសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍រួមមួយ ក្នុងការថ្កោលទោសយោធាមីយ៉ានម៉ា ។

សេចក្តីថ្លែងការរួមនោះ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីការបរទេស មកពីប្រទេស ជី៧ គឺមានប្រទេសបារាំង អង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន កាណាដា អ៊ីតាលី អាល្លម៉ង់ និងមកពីសហភាពអឺរ៉ុប ដែលជាសេចក្តីថ្លែងការណ៍ដ៏មានទម្ងន់ សម្រាប់របបសឹកមីយ៉ានម៉ា ។
ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើមន្ត្រីជាន់ខ្ពស់ខាងយោធាមីយ៉ានម៉ា ចំនួន២រូបបន្ថែមទៀត ដែលក្នុងនោះ មន្ត្រីយោធាម្នាក់ គឺជាមេបញ្ជាការកងទ័ពជើងអាកាស ដោយចោទប្រកាន់ ពីបទបង្ក្រាបយ៉ាងឃោរឃៅលើក្រុមបាតុករ បណ្តាលអោយមនុស្ស៣នាក់ បានបាត់បង់ជីវិត ។

ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយរបបសឹកមីយ៉ានម៉ា បានទទួលរងសម្ពាធកាន់តែធ្ងន់ធ្ងរឡើង គឺដោយសារទាំងប្រជាពលរដ្ឋក្នុងស្រុក ទាំងមន្ត្រីរដ្ឋាភិបាលស៊ីវិល និងទាំងមេដឹកនាំនៅក្នុងប្រទេសនានា នៅជុំវិញពិភពលោក កើតទុក្ខមិនសុខចិត្តទេ ចំពោះរដ្ឋប្រហារយោធា ។

បើផ្អែកតាមលទ្ធផល នៃការបោះឆ្នោត កាលពីថ្ងៃទី៨ ខែវិច្ឆិកា ចុងឆ្នាំ២០២០កន្លងទៅនេះ គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសា ស៊ូជី បានទទួលសម្លេងគាំទ្រ រហូតដល់៨៣% ដែលអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន ។ ប្រជាពលរដ្ឋ៨៣% ដែលបានបោះឆ្នោតគាំទ្រគណបក្ស របស់លោកស្រី អ៊ុងសាន ស៊ូជី អាចនឹងចេញទៅធ្វើបាតុកម្ម ប្រឆាំងកងកម្លាំងយោធា ដែលបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ហើយបរិមាណប្រជាពលរដ្ឋ៨៣%នេះ គឺស្ទើរពាក់កណ្តាលប្រទេសទៅហើយ ។

ប្រសិនបើកងកម្លាំងយោធា បង្ក្រាបក្រុមបាតុករដោយហិង្សា របបសឹក នឹងមិនអាចឈរជើងបានទៀតទេ ដោយសារកម្លាំងប្រជាពលរដ្ឋ មានច្រើនលើសលប់ និងមិនអាចចុះចាញ់ កងកម្លាំងយោធាបាន ដោយងាយនោះទេ ៕
អ៊ី ជិន

To Top