ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស៖ ការអត់ធ្មត់របស់អាមេរិក ជាមួយអ៊ីរ៉ង់ស្តីពីការបង្កើត កិច្ចពិភាក្សាគ្នាជាថ្មី មិនមែនគ្មានដែនកំណត់ទេ

បរទេស៖ ភាពអត់ធ្មត់របស់ សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់ ស្តីពីការវិលត្រឡប់ទៅរកកិច្ចពិភាក្សាគ្នា ជុំវិញរឿងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ គឺមិនមែនគ្មានដែនកំណត់នោះទេ នេះបើតាមសម្តីមន្ត្រីនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Ned Price និយាយនៅថ្ងៃពុធសប្ដាហ៍នេះ។

តាមសេចក្តីរាយការណ៍ ប្រទេសអ៊ីរ៉ង់ មិនបានធ្វើការឆ្លើយតបជាផ្លូវការ ចំពោះសំណើសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ដែលសុំពិភាក្សាគ្នាជាមួយអ៊ីរ៉ង់ ក្នុងកិច្ចប្រជុំរួមមួយជាមួយប្រទេសនានា ដែលបានចរចាកិច្ចព្រមព្រៀងនោះ។

នៅពេលត្រូវគេសួរ នៅសន្និសីទកាសែតមួយថា តើមានកាលបរិច្ឆេទផុតកំណត់ ស្តីពីសំណើនោះដែរឬទេនោះ លោក Ned Price បានតមថា ការដើរចេញឆ្ងាយពីការអនុវត្តតាម កំណត់នៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ របស់អ៊ីរ៉ង់ ស្តីពីបញ្ហានុយក្លេអ៊ែ បានបង្កើតបញ្ហាដែលជាការលំបាកបន្ទាន់មួយ សម្រាប់សហរដ្ឋអាមេរិក។

លោក Ned Price បានមានប្រសាសន៍យ៉ាងដូច្នេះថា “ភាពអត់ធ្មត់របស់យើង មិនមែនគ្មានដែនកំណត់ទេ ប៉ុន្តែយើងពិតជាជឿជាក់ ហើយលោកប្រធានាធិបតី ប្រាកដច្បាស់លើរឿងនេះថា មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីធានាថា ប្រទេសអ៊ីរ៉ង់អាចនឹងមិន ផលិតអាវុធនុយក្លេអ៊ែនោះ គឺតាមរយៈកិច្ចការការទូត” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top