វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានរិះគន់សកម្មភាពដែលអះអាង របស់ទីក្រុងប៉េកាំង នៅក្នុងដែនទឹកនៅក្បែរ ប្រជុំកោះសេនកាគូ ដែលទាមទារដោយចិន ហើយគ្រប់គ្រងដោយជប៉ុន នៅសមុទ្រចិនខាងកើត ខណៈពេលដែលសម្តែងការគាំទ្រចំពោះជប៉ុន លើបញ្ហានេះ។
លេខាធិការព័ត៌មានលោក John Kirby បានឲ្យដឹងក្នុងសន្និសីទកាសែតមួយថា “យើងនឹងជំរុញប្រជាជនចិន ឱ្យចៀសវាងសកម្មភាពនានា ដោយប្រើនាវាយាមល្បាត តាមសមុទ្ររបស់ពួកគេ ដែលអាចនាំឱ្យមានការ វិនិច្ឆ័យខុស និងគ្រោះថ្នាក់ដល់អ្នកគ្រប់គ្នា” ។
លោកបានបន្ថែមថា“ យើងកាន់ជាមួយសហគមន៍អន្តរជាតិអំពីប្រជុំកោះសេនកាគូ និងអធិបតេយ្យភាពរបស់ប្រជុំកោះនេះ ហើយយើងគាំទ្រប្រទេសជប៉ុន ជាក់ស្តែងនៅក្នុងអធិបតេយ្យនោះ” ។
រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ក៏ដូចជារដ្ឋបាលកន្លងមក បានផ្តល់ការធានាដល់ប្រទេសជប៉ុនថា មាត្រា ៥ នៃសន្ធិសញ្ញាសន្តិសុខទ្វេភាគី គ្របដណ្តប់លើប្រជុំកោះសេនកាគូ មានន័យថា សហរដ្ឋអាមេរិក នឹងការពារប្រទេសជប៉ុន ក្នុងករណីមានជម្លោះនៅទីនោះ។
ប្រទេសចិន បានប្រតិកម្មភ្លាមៗ ចំពោះការអត្ថាធិប្បាយរបស់លោក Kirby កាលពីថ្ងៃពុធដោយលើកហេតុផលថា ប្រជុំកោះនានានៅសមុទ្រចិនខាងកើត គឺជាផ្នែកមួយនៃទឹកដីដែលមានស្រាប់របស់ប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា“ សន្ធិសញ្ញាសន្តិសុខសហរដ្ឋអាមេរិក – ជប៉ុន គឺជាផលិតផលមួយនៃសង្គ្រាមត្រជាក់ ហើយវាមិនគួរបង្កអន្តរាយ ដល់ផលប្រយោជន៍របស់ភាគីទី៣ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ឡើយ” ។
ខណៈដែលសម្តីរបស់លោក Kirby បានបង្ហាញពីការគាំទ្រអធិបតេយ្យភាពរបស់ជប៉ុន លើប្រជុំកោះទាំងនោះ អ្នកនាំពាក្យក្រសួងការពារជាតិម្នាក់ទៀតបានបញ្ជាក់ថា“ គ្មានការផ្លាស់ប្តូរចំពោះគោលនយោបាយសហរដ្ឋអាមេរិកនោះទេ” ។
នៅទីក្រុងតូក្យូ រដ្ឋមន្រ្តីការបរទេសជប៉ុន Toshimitsu Motegi បានស្វាគមន៍ ចំពោះការអត្ថាធិប្បាយ របស់លេខាធិការសារព័ត៌មាន ដោយលើកឡើងថា ពួកគេស្រប នឹងការព្រួយបារម្ភរួមគ្នា របស់ប្រទេសទាំងពីរ ចំពោះការប៉ុនប៉ងជាឯកតោភាគី របស់ទីក្រុងប៉េកាំង ក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅសមុទ្រចិនខាងកើត៕
ដោយ ឈូក បូរ៉ា