បរទេស៖រដ្ឋបាលលោក បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មនិងបម្រាមទិដ្ឋាការ ដោយផ្តោតគោលដៅលើពលរដ្ឋអារ៉ាប៊ីសាអូឌីត ជុំវិញការសម្លាប់អ្នកសារព័ត៌មាន លោក Jamal Khashoggi ប៉ុន្តែមិនបានដាក់ទណ្ឌកម្មលើព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammed bin Salman នោះទេ។
ចំណាត់ការរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ក្នុងសប្ដាហ៍ទីមួយនៃរដ្ឋបាលរបស់លោកនេះ ហាក់មានគោលបំណងបំពេញតាមការសន្យាក្នុងពេលធ្វើយុទ្ធនាការឃោសនា ដែលថានឹងធ្វើការកែតម្រង់ចំណងមិត្តភាពអារ៉ាប៊ីសាអូឌីត ក្រោយក្រុមអ្នករិះគន់បានចោទអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ពីបទផ្តល់សម្ពន្ធមិត្តអារ៉ាប់និងជាអ្នកផលិតប្រេងដ៏ធំនោះ នូវការរួចខ្លួនស្តីពីការបំពានសិទ្ធិមនុស្ស។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន បាននិយាយប្រាប់ថា ចំណាត់ការនោះ មានគោលបំណងបង្កើតចំណុចចាប់ផ្តើមថ្មីសម្រាប់ចំណងមិត្តភាព ជាមួយអារ៉ាប៊ីសាអូឌីត ដោយមិនធ្វើឲ្យប៉ះពាល់ដល់មិត្តភាពស្នូលនៅតំបន់មជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីតវ័យ៥៩ឆ្នាំ ត្រូវបានគេបញ្ឆោតឲ្យចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ និងត្រូវបានសម្លាប់ដោយក្រុមប្រតិបត្តិការី ដែលមានចំណងពាក់ព័ន្ធនឹងព្រះរាជ្ជទាយាទ ហើយបន្ទាប់មកពួកគេបានកាប់ចិញ្ច្រាំសាកសព ហើហមកទល់ពេលនេះសាកសពរបស់គាត់ នៅតែរកមិនទាន់ឃើញនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង