បរទេស៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាបាននិយាយថា ពួកគេបានបណ្តេញឯកអគ្គរដ្ឋទូតរបស់ប្រទេសមីយ៉ាន់ម៉ា ប្រចាំនៅអង្គការសហប្រជាជាតិចេញ មួយថ្ងៃបន្ទាប់ពីលោកបានអំពាវនាវសុំឱ្យជួយដកកងទ័ពចេញពីអំណាច។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយលោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតរបស់ប្រទេសមីយ៉ាន់ម៉ា ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា គ្មាននរណាម្នាក់គួរតែសហការណ៍ជាមួយយោធារហូតដល់មានការប្រគល់អំណាចទៅឱ្យរដ្ឋាភិបាល ដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនោះទេ។
កម្លាំងសន្តិសុខបានបង្កើនការបង្ក្រាបទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារកាលពីថ្ងៃសៅរ៍។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថាមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនហើយស្ត្រីម្នាក់ត្រូវបានគេបាញ់ប្រហារនៅក្នុងទីក្រុង Monwya ។ ស្ថានភាពរបស់នាងមិនច្បាស់ថា ស្លាប់ ឬ រស់ នោះទេ។
សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានរញ្ជួយដោយការតវ៉ាចាប់តាំងពីមេដឹកនាំកំពូលរដ្ឋាភិបាលរួមទាំងលោកស្រីអ៊ុងសានស៊ូជីត្រូវបានផ្ដួលរំលំ និងឃុំខ្លួនបន្ទាប់ពីកងទ័ពបានឡើងកាន់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈ៕
ប្រែសម្រួលៈ ណៃ តុលា