ភ្នំពេញ ៖ អង្គការ WWF បានសម្តែងការអបអរ កំណើត របស់កូនសត្វផ្សោតទី១ នៃមេគង្គកម្ពុជា សម្រាប់ ឆ្នាំ២០២១ នេះ ។ កូនសត្វផ្សោតថ្មីមួយក្បាលនេះ មានអាយុប្រហែលមួយសប្តាហ៍ ត្រូវបានអ្នកវិទ្យាសាស្រ្តប្រទះឃើញ កាលពីចុងសប្តាហ៍មុន កំពុងហែលជាមួយ សត្វផ្សោតពេញវ័យចំនួន ៤ ផ្សេងទៀត នៅក្នុងតំបន់ទីជម្រកធម្មជាតិ ត្បូងខ្លា ដែលមានទីតាំងស្ថិត នៅក្នុងខេត្តស្ទឹងត្រែង ។ នេះបើតាមការផ្សព្វផ្សាយក្នុងផេក WWF នាថ្ងៃ៣ មីនា។
WWF បានការកត់ត្រានូវវត្តមាន កូនសត្វផ្សោតទី១នេះ បានប្រព្រឹត្តទៅខណៈក្រុមអ្នកវិទ្យាសាស្រ្ត នៃស្ថាប័នរដ្ឋបាលជលផល និងអង្គការWWF កំពុងតាមដានស្ថានភាពសត្វផ្សោត នៅតាមបណ្តាយដងទន្លេមេគង្គ។
សូមបញ្ជាក់ថា ឆ្នាំ២០២០ ក្រុមអ្នកវិទ្យាសាស្រ្តបានកត់ត្រាទុក នូវស្ថិតិ កូនសត្វផ្សោតសរុបចំនួន ៩ ក្បាល ខណៈកូនសត្វផ្សោតសរុបចំនួន ១៣ ក្បាលត្រូវបានកត់ត្រា ទុកក្នុងទិន្នន័យឆ្នាំ២០១៩ ៕
