ព័ត៌មានអន្តរជាតិ

វិបត្ដិ នយោបាយ នៅមីយ៉ាន់ម៉ា កាន់តែធ្ងន់ធ្ងរ ហើយក្រោយបាតុករ ៣៨នាក់ ត្រូវបានកងកម្លាំងបាញ់សម្លាប់

រ៉ង់ហ្គូន ៖ កងកម្លាំង សន្តិសុខ មីយ៉ាន់ម៉ា នៅថ្ងៃពុធម្សិលមិញនេះ បានបើកការបាញ់ប្រហារ ទៅលើក្រុមបាតុករ ដែលបានធ្វើបាតុកម្ម ទូទាំងប្រទេស ប្រឆាំងនឹងរដ្ឋប្រហារ យោធាកាលពីខែមុន ដែលបណ្តាល ឱ្យមនុស្ស ៣៨ នាក់ បានស្លាប់ ប្រេសិតពិសេសរបស់យូអិន ប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍មួយនេះ បានលើកឡើងថា ចំនួនអ្នកស្លាប់ខ្ពស់ ជាងនៅថ្ងៃណាទាំងអស់ ចាប់តាំងពីយោធាបានកាន់កាប់អំណាច។

លោកស្រី Christine Schraner Burgener បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងសម្របសម្រួលពីសហគមន៍អន្តរជាតិ ដើម្បីបង្កើនសម្ពាធលើរបបយោធា ដើម្បីបញ្ឈប់ការបង្ក្រាបដែលកំពុងបន្តកើតមានលើក្រុមអ្នកតវ៉ា ព្រោះចំនួនអ្នកស្លាប់កើនចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ មានលើសពី ៥០ នាក់។

ក្រៅពីអ្នកស្លាប់យ៉ាងហោចណាស់ ៣០ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារ កាលពីថ្ងៃពុធដោយកងកម្លាំងសន្តិសុខ។
ចំនួនអ្នកស្លាប់ចុងក្រោយកើនលើសចំនួន ដែលត្រូវបានសម្លាប់ នៅក្នុងការតវ៉ាកាលពីថ្ងៃអាទិត្យទៅទៀត។

នៅក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធ អ៊ីនធឺណិត លោកស្រី Burgener បានលើកឡើងថា“ ថ្ងៃនេះវាជាថ្ងៃដែលបង្ហូ រឈាមខ្លាំងបំផុត ចាប់តាំងពីរដ្ឋប្រហារ បានកើតឡើង” ។

លោកស្រីបានបន្ថែមថា មនុស្សប្រហែល ១២០០ នាក់ត្រូវបានឃុំខ្លួន នៅក្នុងប្រទេស ដោយធ្វើឱ្យគ្រួសារ របស់ពួកគេជាច្រើនមិនប្រាកដថា ពួកគេត្រូវបានគេឃុំឃាំង ឬមានសុខភាពល្អ ឬយ៉ាងណាទៀតនោះទេ។

កម្លាំងសន្តិសុខបានប្រើអំពើហិង្សា លើក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នា ជារៀងរាល់ថ្ងៃ ក្នុងប៉ុន្មានសប្តាហ៍មកនេះ បន្ទាប់ពីរដ្ឋប្រហារ ដែលបានទម្លាក់រដ្ឋាភិបាល ដឹកនាំដោយ លោកស្រីអ៊ុងសាន ស៊ូជី៕

To Top