ព័ត៌មានជាតិ

សម្តេច ហេង សំរិន និងភរិយា បានចាក់វ៉ាក់សាំង កូវីដ១៩ រួចរាល់ហើយ

ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន និងភរិយាបានចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះអាស្ដ្រាហ្សឺណិការ នៅមន្ទីរពេទ្យកាល់ម៉ែតរួចរាល់ហើយ នៅព្រឹកថ្ងៃទី៥ ខែមីនាឆ្នាំ២០២១ បន្ទាប់ពីបានដឹកនាំ សម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ ដែលបានពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

វ៉ាក់សាំងអាស្ដ្រាហ្សឺណិការ (AstraZeneca /SII) ចំនួន ៣២៤.០០០ដូស ទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌាបានមកដល់កម្ពុជានាយប់ថ្ងៃ២ មីនា ។ វ៉ាក់សាំងនេះចាក់បានលើក្រុមមនុស្សលើសពីអាយុ៦០ខុសប្លែកពីវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនចាប់ពី១៨ទៅ៥៩ឆ្នាំ។

ការមកដល់នាពេលនេះ គឺជាចំនួនវ៉ាក់សាំងលើកដំបូង ផ្តល់ជំនួយឲ្យកម្ពុជា ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ។ មជ្ឈមណ្ឌលកូវ៉ាក់ គឺជាកិច្ចខិតខំប្រឹងប្រែង សកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឲ្យ ប្រទេសទាំងអស់ក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ឲ្យបានឆាប់ ។

មជ្ឈមណ្ឌលកូវ៉ាក់ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូ ជាមួយអង្គការយូនីសេហ្វ (UNICEF)។ កម្ពុជាគឺជាប្រទេសមួយដែលស្ថិតក្នុងចំណោម ប្រទេសដំបូងគេ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់នេះ ៕

To Top