ភ្នំពេញ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១៖ ការជួយសិស្សក្រីក្រឱ្យទទួលបានការអប់រំ ដោយឥតគិតថ្លៃ គឺជាអំពើល្អមួយដែលជួយឱ្យអ្នកគ្រូ ឯក ចិន្តាមុនី ដែលជាស្ថាបនិកសាលាឯកជនមួយនៅរាជធានីភ្នំពេញ ទទួលបានការជ្រើសតាំង ជាបេក្ខនារីម្នាក់ក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart។
ឥឡូវនេះ អ្នកគ្រូបានជាប់ជាបេក្ខនារីម្នាក់ក្នុងចំណោមបុគ្គល ដែលត្រូវបានជ្រើសតាំង ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយប្រសិនបើអ្នកគ្រូត្រូវបានគេជ្រើសរើសជាអ្នកទទួលជ័យលាភី អ្នកគ្រូនឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
មុនពេលបើកដំណើរការសាលារៀននេះ អ្នកគ្រូធ្លាប់បម្រើការងារជាបុគ្គលិករបស់អង្គការមិនមែនរដ្ឋាភិបាលអស់រយៈពេល ១៥ឆ្នាំ ដែលធ្វើការជាមួយយុវជននៅតាមខេត្តផ្សេងៗ។ ក្នុងពេលនោះ អ្នកគ្រូសង្កេតឃើញមានយុវជនជាច្រើនដែលបោះបង់ការសិក្សានៅថ្នាក់វិទ្យាល័យ ឬគ្មានឱកាសបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។
អ្នកគ្រូបានថ្លែងថា ការដែលបានមើលឃើញស្ថានភាពបែបនោះបានប៉ះទង្គិចចិត្តរបស់គាត់ ដោយសារគាត់មានឱកាសទទួលបានការអប់រំ ប៉ុន្តែយុវជនទាំងនោះខ្លះបោះបង់ការសិក្សាថ្នាក់ទី៨ ហើយយុវជនខ្លះទៀតបានរៀនចប់ថ្នាក់ទី១២ ប៉ុន្តែមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យដោយសារជីវភាពគ្រួសារ។
អ្នកគ្រូ ចិន្តាមុនី មានប្រសាសន៍ថា៖ “ខ្ញុំចង់ឃើញយុវជននិងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានឱកាសទទួលបានការអប់រំដូចគ្នា”។
បន្ទាប់ពីបានលាឈប់ពីអង្គការ នៅក្នុងឆ្នាំ២០១៧ អ្នកគ្រូ ឯក ចិន្តាមុនី រួមជាមួយនឹងមិត្តភក្តិ ២នាក់ផ្សេងទៀតបានបង្កើតសាលាមួយឈ្មោះថា សាលាចំណេះទូទៅ និងបច្ចេកទេសឯកជនអេស៊ីធី (ACT) ដែលបង្រៀនចំណេះទូទៅចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងបច្ចេកទេសសម្រាប់ថ្នាក់ទី១០ ដល់ទី១២។ សព្វថ្ងៃមានសិស្សប្រហែលជិត ២០០នាក់។
ក្រៅពីសិស្សត្រូវបង់ថ្លៃសិក្សា សាលាបានផ្តល់អាហារូបករណ៍ ដល់សិស្សក្រីក្រក្នុងអត្រាពី ២៥% ទៅ ១០០% ដោយសព្វថ្ងៃមានសិស្សទទួលបានអាហារូបករណ៍ ចំនួន ៧០នាក់ក្នុងចំំណោមសិស្សជិត ២០០នាក់។ សិស្សចាំបាច់ត្រូវប្រលង ដើម្បីទទួលបានអាហារូបករណ៍នេះ។ ក្រៅពីអាហារូបករណ៍ សាលាក៏មានកញ្ចប់ជំនួយផងដែរ ដើម្បីជួយសិស្សក្រីក្រឱ្យទទួលបានការសិក្សាដោយឥតបង់ថ្លៃ ឬបង់ថ្លៃទៅតាមលទ្ធភាពរបស់គ្រួសារសិស្ស។
អ្នកគ្រូបានថ្លែងថា៖ “ពួកគេបង់ថ្លៃសិក្សាទៅតាមលទ្ធភាព ដែលពួកគាត់អាចបង់បាន ទោះបីពួកគេបង់ថ្លៃសិក្សា ៥ដុល្លារ ឬ ១០ដុល្លារក្តី ព្រោះខ្ញុំចង់ឱ្យពួកគេដាក់ទុន ក្នុងការសិក្សារបស់ពួកគេ”។
ទាក់ទងនឹងថវិកាដែលចំំណាយលើការផ្តល់អាហារូបករណ៍ អ្នកគ្រូបានប្រើប្រាស់ប្រាក់ ចំណូលរបស់សាលា និងប្រាក់ឧបត្ថម្ភនិងជំនួយពីមិត្តភក្តិ នៅក្រៅប្រទេសមួយចំនួន និងប្រាក់ចំណូលពីការលក់គីមឈី ដែលជាអាជីវកម្មមួយដែលអ្នកគ្រូបានបង្កើតឡើង ក្នុងឆ្នាំ២០១៦។
អ្នកគ្រូនិងក្រុមការងារក៏កំពុងស្វែងរក អ្នកឧបត្ថម្ភទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ ដើម្បីជួយដល់សិស្សក្រីក្រ។
នាយកសាលា និងជាស្ថាបនិករូបនេះបានបន្ថែមថា ការជួយកុមារដែលជួបការលំបាកនិងក្រីក្រឱ្យទទួលបានការរៀនសូត្រគឺជាក្តីប្រាថ្នាដែលគាត់ចង់ធ្វើ ហើយគាត់ក៏ចង់ឃើញកុមារទាំងអស់ទទួលបានឱកាសស្មើៗគ្នា ដើម្បីទទួលបានការអប់រំប្រកបដោយគុណភាព។
អ្នកគ្រូបានថ្លែងថា៖ “ខ្ញុំស្រលាញ់ប្រជាជាតិកម្ពុជាដែលជាជាតិសាសន៍របស់ខ្ញុំ ហើយខ្ញុំគិតថាកុមារគ្រប់រូបគាត់មានសិទ្ធិស្មើរគ្នា គាត់មានសិទ្ធិទៅរៀន គាត់មានសិទ្ធិទទួលការអប់រំ ដែលមានគុណភាព ហើយខ្ញុំចង់ឱ្យអ្វីដែលខ្ញុំមានទាំងប៉ុន្មាន ទៅកាន់ពួកគេវិញ”។
អ្នកស្រី តែ សៅ ដែលជាម្ដាយរបស់សិស្សម្នាក់ដែលអ្នកគ្រូ ចិន្ដាមុនី បានផ្ដល់អាហារូបករណ៍ឱ្យសិក្សានៅសាលាអេស៊ីធី បានឱ្យដឹងថា កូនរបស់អ្នកស្រីបានឈប់រៀនរយៈពេល ៣ឆ្នាំមកហើយដោយសារជីវភាពខ្វះខាត។ អ្នកស្រីបានបន្ថែមថា បន្ទាប់ពីបានស្គាល់អ្នកគ្រូ គាត់បានសុំអាហារូបករណ៍ឱ្យកូនរបស់គាត់បានចូលរៀនជាថ្មី។
អ្នកស្រីបានថ្លែងថា៖ “អ្នកគ្រូ មុនី គឺជាមនុស្សល្អចេះថែទាំសិស្សនៅទីនេះបានល្អ។ គាត់ជាមនុស្សដែលជួយអ្នកក្រីក្រជាច្រើននាក់ ភាគច្រើនពួកគាត់ជួយក្មេងៗដែលឪពុកម្តាយអត់មានលទ្ធភាព ដូចខ្ញុំជាដើម”។
អាណាព្យាបាលម្នាក់ទៀត គឺអ្នកស្រី សំ មុំ ដែលមានកូន ៣នាក់ និងក្មួយ ៣នាក់កំពុងសិក្សានៅសាលាអេស៊ីធីរយៈពេល ២ឆ្នាំមកហើយនោះបានថ្លែងថា កូននិងក្មួយរបស់គាត់បានទទួលអាហារូបករណ៍នៅសាលានេះដោយសារពួកគាត់មានជីវភាពខ្វះខាត ជាពិសេសម្តាយរបស់ក្មួយគាត់គឺជាជនពិការ។
អ្នកស្រីថ្លែងថា៖ “ដោយសារស្ថានភាពគ្រួសារប្អូនស្រីរបស់ខ្ញុំខ្វះខាតខ្លាំង ជាពិសេសគាត់ពិការភ្នែក នាយកសាលា និងលោកគ្រូអ្នកគ្រូនៅទីនេះមានមេត្តាខ្លាំងមែនទែន គាត់បានបញ្ចុះតម្លៃពិសេសសម្រាប់កូននិងក្មួយខ្ញុំ”។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
នៅពេលដែលទទួលដំណឹងថា អ្នកគ្រូ ចិន្តាមុនី ត្រូវបានជ្រើសរើសជាបេក្ខនារីម្នាក់ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart អ្នកនាង Samantha Wagers ដែលជាអ្នកជ្រើសតាំងអ្នកគ្រូបានសម្តែងក្តីរំភើប និងអបអរ។
អ្នកនាងបានថ្លែងថា៖ “ខ្ញុំមានក្តីរំភើប និងមានមោទនភាពជាខ្លាំងដែល មុនី បានជាប់ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វានពលរដ្ឋគំរូ Smart។ ខ្ញុំសង្ឃឹមថា កិច្ចប្រឹងប្រែងដែលគាត់បានធ្វើ នឹងត្រូវបានគេស្គាល់នៅថ្ងៃអនាគត”។
“មុន្នីជាមនុស្សដែលមិនចង់អោយមានការចាប់អារម្មណ៍ពីអ្នកដ៏ទៃនោះទេ ដូច្នេះសម្រាប់នាងក្នុងការចូលរួមឈរឈ្មោះសម្រាប់ពានរង្វាន់និងការបង្ហាញសេចក្តីស្រឡាញ់ដែលនាងមានចំពោះប្រទេសកម្ពុជាវាធ្វើឱ្យនាងភ័យ។ ហើយសម្រាប់ខ្ញុំ ខ្ញុំពិតជាជំរុញឱ្យនាងបានចង្ហាញខ្លួនចំពោះមុខអ្នកគ្រប់គ្នាដើម្បីដឹងថាតើមិត្តភក្តិរបស់ខ្ញុំអស្ចារ្យប៉ុណ្ណា”។
អ្នកនាង Samantha ក៏មានផែនការជួយអ្នកគ្រូ ចិន្តាមុនី លើការងាររៃអង្គាសថវិកាផងដែរ។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូអំពីអ្នកគ្រូ ឯក ចិន្តាមុនី សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://www.facebook.com/watch/?v=1396598614008954
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។