តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក បានបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានរិះគន់យ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកបានសរសេរនៅលើបណ្តាញសង្គម ដែលត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ថា “ទោះបីស្ថិតក្នុងចន្លោះពេលនៃការរាត្បាតជំងឺកូវីដ-១៩ ក៏ដោយសហរដ្ឋអាមេរិក នៅតែបន្តដាក់សម្ពាធ ដែលបរាជ័យរបស់លោក ត្រាំ ទៅលើប្រជាជនអ៊ីរ៉ង់ តើមិនមែនជាពេលវេលា ដែលត្រូវសាកល្បងអ្វីដែលអាចដំណើរការបានទេឬ?”
អ្នកការទូតអ៊ីរ៉ង់រូបនេះបានបង្ហោះ រូបភាពក្មេងស្រីអ៊ីរ៉ង់អាយុ ៦ ឆ្នាំម្នាក់ ដែលរងផលប៉ះពាល់ពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ក៏ដូចជាបណ្តឹងរបស់នាងផងដែរ។
ក្មេងស្រីដែលមានឈ្មោះថា Yasna បានលើកឡើងថា នាងមានអាការៈប្រកាច់តាំងពីអាយុ ៦ ខែ ហើយឪពុកម្តាយរបស់នាងមិនអាច ទទួលបានសូម្បីតែថ្នាំព្យាបាល ដែលមានប្រសិទ្ធិភាព សម្រាប់ការព្យាបាលរបស់នាងបន្ទាប់ពី“ អ្នកនយោបាយអាមេរិក ដែលល្ងង់ខ្លៅបានធ្វើការសម្រេចចិត្តខុស និងអមនុស្សធម៌” ។
យោងតាមលិខិតនោះ ជំងឺរបស់យ៉ាសា កាន់តែអាក្រក់ទៅៗ និងនាំឱ្យមានការប្រកាច់ជាច្រើនដែលកាត់បន្ថយ ៩៩ ភាគរយនៃសមត្ថភាពនិយាយរបស់នាង និង ៩០ ភាគរយនៃសមត្ថភាព ក្នុងការសម្រេចចិត្តរបស់នាង។ នៅក្នុងនោះដែរលោកបានព្រមានថា“ ស្ថានភាពរបស់នាងមិនមានអ្វីប្លែកទេនៅអ៊ីរ៉ង់” ។
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោក Ali Rabiee បានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានបង្កបញ្ហាដល់អាជ្ញាធរអ៊ីរ៉ង់ សូម្បីតែការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ថ្នាំពេទ្យ និងផ្នែកផលិតកម្មឧស្សាហកម្ម” ។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើវិស័យហិរញ្ញវត្ថុរបស់អ៊ីរ៉ង់ បានបង្កការលំបាកដល់ប្រជាជនអ៊ីរ៉ង់ ក្នុងការស្វែងរកមធ្យោបាយទូទាត់ប្រាក់ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។
រូបិយប័ណ្ណក្នុងស្រុក គឺប្រាក់អ៊ីរ៉ង់ បានជួបប្រទះនូវការបាត់បង់តម្លៃយ៉ាងខ្លាំង ចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ នៅពេលនោះអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកប្រទេសរបស់ខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ ឆ្នាំ២០១៥៕
ដោយ ឈូក បូរ៉ា