ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំង ត្រៀមចូលរួមអន្តរាគមន៍ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក នៅកងពលតូចលេខ៧០ នា ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ បានលេីកឡេីងថា ប្រទេសជាតិ ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់យើងទាំងអស់គ្នា កំពុងស្ថិតនៅក្នុងដំណាក់កាលហានិភ័យនៃសង្រ្គាមប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ-១៩ ដែលជម្ងឺនេះ បានបង្កផលប៉ះពាល់ យ៉ាងធំធេងទាំងផ្អែកសុខភាព ទាំងផ្នែកជីវភាពរស់នៅ ព្រមទាំងបានបង្កើតនូវការរើសអើង ការភ័យខ្លាច ក្នុងចំណោមពលរដ្ឋនានាទូទាំងប្រទេស ក៏ដូចជាទូទាំងសកលលោក។ ពេលនេះប្រទេសជាតិ និងប្រជាជនត្រូវការកងកម្លាំងរបស់យើង ដើម្បីចូលរួមទប់ស្កាត់ជាមួយសត្រូវដែលមើលមិនឃើញមួយនេះ ដូច្នេះត្រូវត្រៀមលក្ខណៈ ក្នុងការហ្វឹកហ្វឺន និងបំពាក់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីប្រតិបត្តិដោយភាពជោគជ័យ តាមបទបញ្ជាប្រកបដោយសុវត្ថិភាព ក្នុងការបំពេញភារកិច្ចរួមគ្នា ការពារតំបន់ចត្តាទ្បីស័ក ឲ្យបានហ្មត់ចត់ ធានាបានការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាសត្រូវធំបំផុតរបស់ប្រទេសជាតិ សង្គមជាតិ និងសង្គមគ្រួសាររបស់យើង។ ជាមួយគ្នា អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក មានភារកិច្ចទទួលខុសត្រូវ អនុវត្តឲ្យបានជាដាច់ខាត នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ និងទទួលខុសត្រូវលើកម្លាំងប្រតិបត្តិការ ដោយផ្តល់ការហ្វឹកហ្វឺនឲ្យបានពេញលេញ និងបំពាក់ឲ្យបានគ្រាប់គ្រាន់ ដើម្បីធានានូវភាពជោគជ័យ ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីសេ្នហាជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។
លោកមេបញ្ជការកងទ័ពជេីងគោក បានបន្តថា ភារកិច្ចចម្បង ក្នុងប្រតិបត្តិការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩មានបីដំណាក់កាលធំៗគឺ៖ ទីមួយជាដំណាក់កាលស្រាវជ្រាវរកឲ្យឃើញនូវអ្នកមានជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីការពារកុំឲ្យគាត់បង្កការឆ្លងរាលដាល ទៅអ្នកដទៃទៀត។ ក្នុងដំណាក់កាលនេះកម្លាំងពេទ្យរបស់យើងបានធ្វើការទាំងថ្ងៃទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ អស់រយៈកាលជាងមួយឆ្នាំកន្លងមក ហើយមានសមាសភាពមកពី ក្រុមគ្រូពេទ្យ និងផ្នែកបច្ចេកទេសរបស់ក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។
ឯទីពីរជាដំណាក់កាល គ្រប់គ្រងការពារធានា ឲ្យបាននូវការរក្សាទុកអ្នកដែលមានការពាក់ព័ន្ធ ឲ្យស្ថិតនៅក្នុងតំបន់ចត្តាទ្បីស័ក ដំណាក់កាលនេះកងកម្លាំងតាមមូលដ្ឋានបានអនុវត្តយ៉ាង សកម្មអស់រយៈកាលកន្លងមក ហើយកងកម្លាំងដែលបានទទួលការហ្វឹកហ្វឺននាពេលនេះ នឹងត្រៀមចូលរួមចំណែកនៅពេលដែលមានស្ថានការណ៍ ចាំបាច់កើតទ្បើង។
ចំណែកឯទីបីគឺជាដំណាក់កាលផុ្តល់ការព្យាបាលជូនដល់អ្នកដែលមានជំងឺកូវីដ-១៩។ ដំណាក់កាលនេះគឺជាសមត្ថកិច្ចរបស់ក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលគ្រប់ខេត្ត-ក្រុង និងក្រសួងសុខាភិបាលបានខិតខំយ៉ាងខ្លាំងក្លាដើម្បីបន្តព្យាបាលបងប្អូនដែលមានករណីវិជ្ជមាន ហើយជាលទ្ធផលមកទល់ពេលនេះអ្នកជំងឺបានទទួលការជាសះស្បើយច្រើន និងមិនទាន់មានករណីស្លាប់ដោយជំងឺកូវីដ-១៩ណាមួយនៅក្នុងប្រទេសកម្ពុជាយើងនៅទ្បើយទេ។
លោកម៉ាណែត ក៏សូមអរគុណដល់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល និងបណ្តាកងឯកភាព ដែលបានសហការជ្រោមជ្រែង ក្នុងការផ្តល់ក្រុមគ្រូឧទ្ទេស ក្រុមបច្ចេកទេស ក្នុងការតាក់តែងឯកសារ និងធ្វើបទបង្ហាញ ដល់ការហ្វឹកហ្វឺននេះ ហើយបានធ្វើការរៀបចំកម្លាំងដែលមានសុខភាពល្អ និងបានទទួលនូវការចាក់ថ្នាំបង្ការរួចរាល់ ព្រមទាំងអរគុណ ដល់កងកម្លាំងរបស់យើង សម្រាប់ទឹកចិត្តមុះមុត និងការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។