ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យយកអ្នកកេីតជំងកូវីដ-១៩ ពីមណ្ឌលព្យាបាលជំងឺកូវីដ ព្រែកព្នៅ មកព្យាបាលក្នុងសណ្ឋាគារ Great duke (អតីតសណ្ឋាគារអាំងត័រកង់ទីណង់តាល់) វិញ ក្រោយពីអ្នកជំងឺកូវីដម្នាក់ ស្លាប់ដោយសាររេីមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំងបេះដូង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា បុរសជនជាតិចិនម្នាក់ ឈ្មោះឡាយ ប៊ីនស៊ាង មានវិជ្ជមានកូវីដ-១៩ និងសម្រាកព្យាបាល នៅមណ្ឌលព្យាបាលកូវីដ-១៩ ព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១មីនា និងបានទទួលមរណភាព ក្នុងអំឡុងពេលព្យាបាល កាលពីថ្ងៃទី៤ មីនា ដោយរកឃើញថា បុរសជនជាតិចិនរូបនេះ ជាអ្នកប្រើប្រាស់បារីច្រើន និងមានសារធាតុអំហ្វេតាមីនខ្ពស់ និងមានវិជ្ជមាន កូវីដ១៩ផងនោះ ទើបរើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំងបេះដូងស្លាប់ភ្លាមៗ។
តាមរយៈសារសំឡេង នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា«ខ្ញុំមានការស្លត់ចិត្តនៅពេលដែលដឹងថា កន្លែងចត្តាឡីស័កព្រៃកព្នៅ គឺជាកន្លែងដែលមិនមែនជាតំបន់ព្យាបាលទេ តាមដឹងកន្លែងនោះគឺថា អ្នកមិនឈឺយកទៅកន្លែងណុងឈឺបាដោយ ចឹងមិនអាចព្យាបាលបានទេ»។
សម្ដេចតេជោ ក៏បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក រៀបចំសណ្ឋាគារ អាំងត័រកង់ទីណង់តាល់ ដើម្បីដាក់អ្នកជំងឺកូវីដ-១៩ មកព្យាបាលនៅសណ្ឋាគារវិញ។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចេញបទបញ្ជា រួមគ្នារៀបចំសណ្ឋាគារ អាំងត័រកង់ទីណង់តាល់ ថ្ងៃនឹង យប់នឹង ថ្ងៃស្អែក យប់ស្អែក ថ្ងៃខាន់ស្អែក ដឹកអ្នកជំងឺពីព្រែកព្នៅ ចូលសណ្ឋាគារ អាំងត័រកង់ទីណង់តាល់ ឲ្យខាន់តែបាន។ គឺខ្ញុំចេញបទបញ្ជា បើសិនធ្វើរបៀបនឹង នេះបានបង្ហាញភាពជាអ្នកដឹកនាំយ៉ាងម៉េច?»។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏ផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវសម្រុកធ្វើកិច្ចការងារនេះឲ្យបានលឿនបំផុត ដើម្បីដឹងអ្នកជំងឺពីព្រែកព្នៅ ទៅសណ្ឋាគារ អាំងត័រកង់ទីណង់តាល់ ទាំងអស់៕