ព័ត៌មានអន្តរជាតិ

កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត កម្ទេចចោលកូនដ្រូន ពួកហូធីជាច្រើនគ្រឿង

បរទេស៖ កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីតប្រចាំនៅយេម៉ែន បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួនបានកម្ទេចកូនដ្រូន បំពាក់ដោយអាវុធចំនួន ១០គ្រឿង ដែលចលនាពួកហូធីប្រើប្រាស់ ដោយរួមមានតិចបំផុត ៥គ្រឿង ឆ្ពោះទៅប្រទេសអារ៉ាប៊ីសាអូឌីត។

ប៉ុន្តែកងកម្លាំងចម្រុះមិនបាន បញ្ជាក់ពីទីតាំងនៅអារ៉ាប៊ីសាអូឌីតទេ តែបាននិយាយប្រាប់ថា កូនដ្រូនទាំងនោះ មានគោលដៅវាយប្រហារ ទៅលើទីតាំងជនស៊ីវិល។ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ កងកម្លាំងចម្រុះបាននិយាយថា ខ្លួនបានរារាមងកូនដ្រូនចំនួន ៧គ្រឿង ក្នុងរយៈពេល ២៤ម៉ោង ដែលឆ្ពោះទៅទីក្រុង Khamis Mushait ហើយមួយគ្រឿងឆ្ពោះទៅទីក្រុងផែ Jazan ដែលទីក្រុងទាំងពីរនេះស្ថិត នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតភាគខាងត្បូង ។

ចលនាពួកហូធី ដែលធ្វើសង្គ្រាមជាមួយកងកម្លាំងចម្រុះ ចាប់តាំងពីចូលធ្វើអន្តរាគមន៍ក្នុង សង្គ្រាមស៊ីវិលរបស់ប្រទេសយេម៉ែន ក្នុងខែមីនា ឆ្នាំ២០១៥មកនោះ នាពេលថ្មីៗនេះ បានបង្កើនការវាយប្រហារ ដោយមីស៊ីលនិងកូនដ្រូនឆ្លងព្រំដែន ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត។

ប៉ុស្តិ៍ទូរទស្សន៍នានា បានដកស្រង់សម្តីកងកម្លាំងចម្រុះថា ការកើនឡើងក្នុងការវាយប្រហាររបស់ពួកហូធីនេះ គឺជាលទ្ធផលនៃជ័យជំនះ របស់កងកម្លាំងចម្រុះនៅទីក្រុង Marib និងព្រោះតែការបកស្រាយប្រកប ដោយអរិភាពរបស់ពួកហូធី ចំពោះការសម្រេចចិត្តធ្វើឡើង ដោយរដ្ឋបាលអាមេរិកថ្មី នៅក្នុងខែកុម្ភៈ ដកការចាត់ទុកក្រុមពួកហូធីជាក្រមភេរវកម្ម ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top