ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់តម្លៃស្ត្រី ឲ្យបានទូលំទូលាយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់សីល ធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រឹងអនុវត្តកម្មវិធី ចិញ្ចឹមកូនបែបវិជ្ជមាន វប្បធម៌អហិង្សា ដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី ឆ្នាំ២០១៩-២០២៣ ឲ្យបានទូលំ ទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

តាមរយៈសារលិខិតអបអរសាទរខួប លើកទី១១០ «ទិវាអន្ដរជាតិនាទី ៨ មីនា» ចេញ ផ្សាយនាថ្ងៃទី៨ ទីមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ពេលនេះ ផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ មកលើសេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនៅតែបន្ត ដូច្នេះ គន្លងថ្មីក្រោមទស្សនទានថ្មី ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយបរិយាបន្ន ដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ឲ្យនៅឯកោ គឺជាស្មារតីនៃផែនការស្តារសេដ្ឋកិច្ច កម្ពុជាក្រោយវិបត្តិជំងឺកូវិដ-១៩ និងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

សម្ដេចតេជោ មានប្រសាសន៍ថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ សូមស្នើគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិ វឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំង ប្រជាពលរដ្ឋគ្រប់រូប រួមគ្នាផ្តោតការយកចិត្តទុកដាក់ ទៅលើចំណុច អាទិភាព បន្តពង្រឹងសាមគ្គីភាព និងឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តជំរុញ ចលនាជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីធានាសុខុមាលភាព ជីវភាពប្រក្របតីរបស់ ប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ពង្រីកវិសាលភាពគ្របដណ្ដប់ នៃប្រព័ន្ធគាំពារសង្គម រួមទាំងសុខមាលភាពស្រ្តី និងក្មេងស្រីជាមួ យ នឹងការអនុវត្តនូវរាល់កម្មវិធីជំនួយសង្គមនានា»។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យបន្តពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការបង្កើនការយល់ដឹង និងអភិវឌ្ឍអាជីវកម្មដល់ស្ត្រី ការអភិវឌ្ឍអាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSME) ពង្រឹងកម្មវិធីបណ្តុះបណ្តលវិជ្ជាជីវៈ និងបរិយាបន្នហិរញ្ញវត្ថុ។

សម្ដេចតេជោ បន្ថែមថា អភិវឌ្ឍមូលធនមនុស្ស និងឌីជីថល ជាពិសេស សម្រាប់ស្ត្រី និងក្មេងស្រី តាមរយៈការបង្កើនការ វិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញ ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM)។ សម្ដេចថា បន្តធានាលើការការពារសិទ្ធិ ដោយស្មើភាពដល់ស្ត្រី ដើម្បីស្រ្តីអាចធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់ កម្រិត ជួយដោះស្រាយរាល់ឧបសគ្គនានា ដែលរើសអើងចំពោះស្ត្រី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចនៅក្នុង ស្ថាប័នសាធារណៈនៅគ្រប់កម្រិត និងក្នុងវិស័យនយោបាយ។

សម្ដេចតេជោ បញ្ជាក់ថា «លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រឹងការអនុវត្តកម្ម វិធីចិញ្ចឹម កូនបែបវិជ្ជមាន វប្បធម៌អហិង្សា និងការបង្កើនការវិនិយោគលើការអនុវត្ត ផែនការសកម្មភាពជាតិ ស្តីពី ការ ទប់ស្កាត់អំពើហិង្សាលើស្រ្តី ឆ្នាំ២០១៩-២០២៣ ឲ្យបានទូលំទូលាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ពង្រឹងយន្ត ការគណនេយ្យភាពសម្រាប់សមភាពយេនឌ័ររបស់ ក្រសួងស្ថាប័ននៅគ្រប់កម្រិតតាម រយៈការអភិវឌ្ឍសមត្ថភាព និងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព និងតម្លាភាព»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ជនរួមជាតិ និងក្រុមគ្រួសារ ត្រូវចូលរួមគាំទ្រគោលនយោបាយសមភាពយេនឌ័រ ដើម្បីបង្កកាលានុវត្តភាពឲ្យស្ត្រី និងក្មេងស្រី បានចូលរួមយ៉ាងសកម្មពេញលេញ ព្រមទាំង ទទួលភាគផលពីកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិនៅគ្រប់ជំនាន់ និងទៅអនាគត៕

To Top