ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក អាចនឹងធ្វើទស្សនកិច្ច ឥណ្ឌាឆាប់ៗនេះ

បរទេស៖ ប្រភពព័ត៌មានពីរដ្ឋាភិបាលឥណ្ឌាមួយ បាននិយាយប្រាប់នៅថ្ងៃអាទិត្យនេះថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ទំនងជានឹងធ្វើទស្សនកិច្ចឥណ្ឌា នៅសប្ដាហ៍ក្រោយនេះ ស្របពេលដែលសម្ពន្ធមិត្តទាំងពីរ ស្វះស្វែងធ្វើចំណងមិត្តភាពយោធា ឲ្យកាន់តែស៊ីជម្រៅឡើង ដើម្បីទប់ទល់នឹងអំណាចកើនឡើងរបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ដំណើរទស្សនកិច្ចដំបូង ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ របស់រដ្ឋបាលថ្មីនៃលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងផ្តោតលើការធ្វើឲ្យកាន់តែប្រសើរឡើង នូវសហប្រតិបត្តិការ នេះបើតាមសម្តីប្រភពដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើបនៃបញ្ហា។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រភពព័ត៌មានដដែលនោះបានបន្ថែមថា លោក Lloyd Austin គ្រោងជួបគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh នៅក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកនៅពេលណាមួយ ក្នុងសប្ដាហ៍នៃថ្ងៃទី១៥ ខែមីនានេះ។

គួរបញ្ជាក់ថា សម្រាប់ប្រទេសឥណ្ឌា ចំណងមិត្តភាពយោធាទ្វេភាគីកាន់តែជិតស្និទ្ធ អាចនឹងនាំមកនូវការទទួលបានកាន់តែច្រើន នូវបច្ចេកវិទ្យាអាមេរិក ស្របពេលដែលទីក្រុងញូដេលី ព្យាយាមធ្វើទំនើបកម្មប្រព័ន្ធការពារជាតិរបស់ខ្លួន ក្នុងខណៈមានភាពតានតឹងជាមួយប្រទេសចិន ក្នុងតំបន់ជួរភ្នំហិមាល័យភាគខាងលិច ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top