ភ្នំពេញ៖ សហរដ្ឋអាមេរិក មានកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការបំផ្លាញព្រៃឈើ ដែលចេះតែបន្តមាន នៅតំបន់ការពារ នៃប្រទេសកម្ពុជា។ សហរដ្ឋអាមេរិក គាំទ្រការធ្វើ សហប្រតិបត្តិការ ជាមួយសហគមន៍ សង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណា ឲ្យជីវសាស្រ្តចម្រុះ ដ៏សម្បូរបែប នៅដែនជម្រកសត្វព្រៃ នៅព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអភិរក្ស។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសរនៅលើ គេហទំព័ររបស់ខ្លួនថា ការបាត់បង់ព្រៃឈើ នៅព្រៃឡង់ និង នៅទូទាំងប្រទេស មានការទាក់ទងនឹង កត្តាមួយចំនួន ដែលរួមមានការពង្រឹងការអនុវត្តច្បាប់ នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចគ្មានភាពច្បាស់លាស់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំង នេះ អ្នកពាក់ព័ន្ធនៅថ្នាក់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត និងជាតិ ទូទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែដើរស្របគ្នា ក្នុងការងារអភិរក្សតំបន់ការពារ ដូចជាព្រៃឡង់។ ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក USAID ធ្វើការដើម្បីដោះស្រាយបញ្ហាប្រឈមទាំង នេះ ដោយលើកកម្ពស់សមត្ថភាពបច្ចេកទេសនៅគ្រប់លំដាប់ថ្នាក់ ជំរុញអោយមានតម្លាភាព និងគណនេយ្យភាព គាំទ្រការចូលរួមយ៉ាងសកម្ម របស់សហគមន៍ ហើយផ្តល់ជម្រើសផ្សេង ក្នុងការប្រកបជីវភាពរស់នៅ។ តាមរយៈគម្រោងព្រៃឡង់បៃតង (GPL) របស់ទីភ្នាក់ងារ USAID យើងជួយសហគមន៍មូលដ្ឋាន ដូចជាសមាជិក នៃបណ្តាញសហគមន៍ព្រៃឡង់ (PLCN) នៅក្នុងការងារល្បាតរួមគ្នានៅព្រៃឡង់ ជាមួយក្រសួងបរិស្ថាន។ សកម្មភាព ភាគច្រើន របស់ (GPL) ផ្តល់ប្រយោជន៍ ដោយផ្ទាល់ ដល់សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងការងារអភិរក្ស ហើយគ្មានថវិកាណាត្រូវបានផ្តល់ឲ្យតាមរយៈប្រព័ន្ធរដ្ឋាភិបាលឡើយ។ យើងបន្តធ្វើការដោយផ្ទាល់ ជាមួយ PLCN និងក្រសួងបរិស្ថាន ដើម្បីគាំទ្រកិច្ចពិភាក្សា ដើម្បីឲ្យគេអាចធ្វើការជាមួយគ្នា ក្នុងគោលដៅរួមក្នុងការការពារព្រៃឡង់។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ព្រមទាំងប្រធាននៃទីភ្នាក់ងារផ្តល់ជំនួយ USAID របស់ស្ថានទូតសហរដ្ឋអាមេរិក បានជួបជាមួយលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមន្រ្តីជាន់ខ្ពស់របស់លោក ដើម្បីពិភាក្សាពីការបាត់បង់ព្រៃឈើ និងការរិតត្បិតមិនឲ្យប្រជាជនកម្ពុជាចូល ក្នុងតំបន់ការពារ ដើម្បីតាមដានសកម្មភាពទាក់ទងនឹងព្រៃឈើ។ ទីភ្នាក់ងារ USAID បានផ្តល់ដល់ក្រសួងបរិស្ថាន នូវព័ត៌មាន ជាច្រើនលើកមកហើយ ទាក់ទងនឹងសកម្មភាពកាប់ឈើខុសច្បាប់ នៅដែនជម្រកសត្វព្រៃឡង់ ដែលបាននាំឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស៊ើបអង្កេត។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តអំពាវនាវឲ្យមានចំណាត់ការដើម្បីបញ្ឈប់ការកាប់ឈើខុសច្បាប់ ហើយអភិរក្សជីវសាស្រ្តចម្រុះដ៏ល្អ នៅព្រៃឡង់ និងនៅដែនជម្រកដទៃទៀត។
ដោយយើងធ្វើការអបអរទិវាសត្វ ព្រៃពិភពលោក នៅខែ នេះ យើងចងចាំថា អភិបាលកិច្ចល្អ គឺជាផ្នែកសំខាន់ចាំបាច់មួយ នៃការការពារធនធានធម្មជាតិ។ ការគោរពសេរីភាព ក្នុងការនិយាយស្តី និងសេរីភាព ក្នុងការធ្វើការតវ៉ា ដោយសន្តិភាពគឺជាផ្នែកចាំបាច់ នៃលទ្ធិប្រជាធិបតេយ្យ ដែលមានជោគជ័យ ហើយយើងជឿថា សិទ្ធិទាំង នេះការពារប្រជាជនកម្ពុជា ដែលកំពុងខិតខំធ្វើការអភិរក្សធនធានធម្មជាតិ ដែលមានភាពផុយស្រួយ របស់ព្រះរាជាណាចក្រកម្ពុជា។