ព័ត៌មានអន្តរជាតិ

វិភាគ: អាជីវកម្មនានា បានបិទទ្វារចាប់ពីថ្ងៃចន្ទនេះ ក្នុងការតវ៉ាប្រឆាំងនឹងរបបសឹក មីយ៉ានម៉ា

បច្ចុប្បន្នភាព

​Yahoo News បានចុះផ្សាយថា អាជីវកម្មនានា នៅទូទាំង សហភាពមីយ៉ានម៉ា បានបិទទ្វារស្ទើរទាំងស្រុង នៅថ្ងៃចន្ទ ទី៨ ខែមីនានេះ ទៅតាមការអំពាវនាវ របស់ប្រមុខដឹកនាំសហជីពទាំង៩ សហជីព ក្នុងគោលដៅប្រឆាំងនឹង អំពើហិង្សារបស់របបសឹក ។

ចាប់តាំងពី ព្រឹកថ្ងៃចន្ទនេះ ហាងលក់ទំនិញ រោងចក្រ ធនាគារ ការិយាល័យក្រុមហ៊ុន រួមទាំងស្ថាប័នរដ្ឋមួយចំនួន បានបិទទ្វារបណ្តើរៗហើយ ដែលធ្វើអោយចរន្តអាជីវកម្មនៅក្នុងប្រទេសនេះ មានភាពរអាក់រអួល និងមិនដំណើរការទៅមុខ ។

មូលហេតុដែលនាំអោយ សហជីព អំពាវនាវអោយអាជីវកម្ មបិទទ្វារ គឺដោយសារលោក Khin Maung Latt ដែលជាមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលស៊ីវិល ទទួលបន្ទុកពាណិជ្ជកម្ម បានបាត់បង់ជីវិត នៅក្នុងមន្ទីរឃុំឃាំង កាលពីថ្ងៃអាទិត្យ ទី៧ ខែមីនានេះ ។

មរណភាពរបស់លោក Khin Maung Latt ត្រូវបានក្រុមសហជីព និងក្រុមបាតុករ ចោទប្រកាន់របបសឹកពីបទធ្វើទារុណកម្មជនរងគ្រោះរូបនេះរហូតដល់ស្លាប់ ប៉ុន្តែរបបសឹកមិនបានធ្វើអត្ថាធិប្បាយអំពីការបាត់បង់ជីវិតមន្ត្រីរដ្ឋាភិបាលស៊ីវិលរូបនោះទេ ។

សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃចន្ទ ទី៨ ខែមីនានេះ ចំនួនមនុស្សស្លាប់ ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងវិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា បានកើនឡើងដល់ចំនួន៦០នាក់ហើយ ដោយកាលពីខែកុម្ភៈ មានមនុស្សស្លាប់សរុបចំនួន២១នាក់ គឺថ្ងៃសៅរ៍ ទី២០ស្លាប់៣នាក់ ថ្ងៃសៅរ៍ ទី២៧ស្លាប់១៨នាក់ និងខែមីនាមានមនុស្សស្លាប់ចំនួន៣៩នាក់ គឺថ្ងៃពុធ ទី៣ ខែមីនាស្លាប់៣៨នាក់ និងមន្ត្រីរដ្ឋាភិបាលម្នាក់ ដែលបានស្លាប់កាលពីថ្ងៃអាទិត្យ ទី៧ ខែមីនានេះ ។

សមាគម ជំនួយអ្នកទោស នយោបាយ ដែលជាស្ថាប័ន មិនរកប្រាក់ចំណូល បានអោយដឹងថា ការបន្តចរន្តអាជីវកម្ មនៅក្នុងប្រទេសនេះ គឺជាការគាំទ្រ របបសឹកអោយបន្តដំណើរទៅមុខទៀត ដូច្នេះអាជីវកម្មទាំងអស់ត្រូវតែបិទទ្វារ អោយរបបសឹកដូលរលំនៅពេលខាងមុខ ។

រហូតដល់ថ្ងៃចន្ទនេះ ក្បួនបាតុកម្ម របស់ក្រុមប្រជាបាតុករ នៅសហភាពមីយ៉ានម៉ា មានទំហំកាន់តែធំឡើង ដោយមានក្រុមបាតុករកាន់តែច្រើនចូលរួមធ្វើបាតុកម្មប្រឆាំងរបបសឹកនៅទូទាំងប្រទេស ជាពិសេសនៅទីក្រុងសេដ្ឋកិច្ច នានា មានទីក្រុងយ៉ាងហ្គោនជាដើម ។

  ក្រុមបាតុករ ហាក់ដូចជាមិនញញើតចំពោះ កងកម្លាំងយោធា ដែលបានបង្ក្រាបរហូតដល់បាញ់សម្លាប់ ក្រុមបាតុករនោះទេ ដោយសារតែមានការគាំទ្រ និងបំផុសអោយមានការតវ៉ាពីសំណាក់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត ។

ការថ្កោលទោស ការរិះគន់ និងការដាក់ទណ្ឌកម្មលើរបបសឹកមីយ៉ានម៉ាពីសំណាក់អន្តរជាតិ អាចជាការជំរុញ និងលើកទឹកចិត្តកាន់តែខ្លាំងដល់ប្រជាបាតុករមីយ៉ានម៉ា អោយចេញធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានៅមីយ៉ានម៉ា ។

ចំណែកកងកម្លាំងយោធាវិញ ក៏កាន់តែបង្កើនការបង្ក្រាបលើក្រុមបាតុករផងដែរ ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែង គ្រាប់កាំភ្លើងជ័រ និងបាញ់សម្លាប់ក្រុមបាតុករដោយគ្រាប់កាំភ្លើងពិតក្នុងគោលរក្សាស្ថិរភាពសន្តិសុខនៅទូទាំងប្រទេស ។

កងកម្លាំងយោធា រាប់ម៉ឺននាក់ ដែលប្រដាប់ដោយអាវុធគ្រប់ដៃ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស រួមទាំងគ្រឿងសព្វាវុធនានា មានរថក្រោះ និងរថពាសដែកជាដើម ត្រូវបានចល័តនៅទូទាំងប្រទេសផងដែរ ជាពិសេសនៅទីក្រុងសេដ្ឋកិច្ចសំខាន់ៗ ។

ការដាក់ពង្រាយ កងកម្លាំងយោធា ដែលប្រដាប់ដោយអាវុធ និងការចល័តគ្រឿងយុទ្ធោបករណ៍ នៅទូទាំងប្រទេស ហាក់ដូចជារបបសឹក កំពុងត្រៀមខ្លួន បង្ក្រាបទ្រង់ទ្រាយធំ លើក្រុមបាតុករ ដែលបានចេញ ធ្វើបាតុកម្មកាន់តែច្រើន ។

សូមរំលឹកជូនថា កាលពីឆ្នាំ១៩៨៨ និងឆ្នាំ២០០៧កន្លងទៅ របបសឹកមីយ៉ានម៉ា បានដាក់ពង្រាយកងកម្លាំងយោធា និងចល័តគ្រឿងយុទ្ធោបករណ៍ប្រហាក់ប្រហែលគ្នានេះ មុនពេលចាប់ផ្តើមបង្ក្រាបលើក្បួនបាតុកម្ម ដែលបានបណ្តាលអោយមនុស្សរាប់រយនាក់បានបាត់បង់ជីវិត និងរាប់ពាន់នាក់ផ្សេងទៀតបានរងរបួស ។  

ដើមចមនាំអោយកើតរឿង

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ដើមចមដែលនាំ អោយក្បួនបាតុកម្មបានរីករាលដាលកាន់តែខ្លាំង ហើយកងកម្លាំងយោធា បានបង្ក្រាបកាន់តែ ធ្ងន់ដៃលើក្រុម បាតុករ ក្នុងក្បួនបាតុកម្ម នៅសហភាពមីយ៉ានម៉ា ដោយសារហេតុផល ខុសគ្នារវាងបាតុករ និងរបបសឹក ។

ក្រុមបាតុករ និងប្រជាពលរដ្ឋ ភាគច្រើន នៅសហភាពមីយ៉ានម៉ា ចង់បានរដ្ឋាភិបាលស៊ីវិល ដែលដឹកនាំ ដោយលោកស្រី អ៊ុងសាន ស៊ូជី ដែលអាចនាំប្រទេសនេះឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែខ្លាំងនៅពេលខាងមុខ ។

ក្រុមបាតុករ និងប្រជាពលរដ្ឋមីយ៉ានម៉ា ហាក់ដូចជាឆ្អែតឆ្អន់ នឹងរបបសឹក ដែលបានដឹកនាំប្រទេសនេះ ចាប់តាំងពីឆ្នាំ១៩៦២ រហូតដល់ឆ្នាំ២០១៥ ដោយមិនបានកែប្រែប្រទេសនេះ អោយរួចផុតពីការប្រើអំណាច ដើម្បីដោះស្រាយបញ្ ហាជូនប្រជាពលរដ្ឋនោះទេ ។

ចំណែករបបសឹក មីយ៉ានម៉ា ក៏មានហេតុផលសំខាន់ដែរ ដែលហេតុផលនោះ គឺការរក្សាឯកភាពជាតិ ខណៈដែលប្រទេសនេះ មានជនជាតិពន្ធុ ឬជនជាតិភាគតិច ប្រមាណជាង១០០ក្រុម ហើយជនជាតិភាគតិចមួយចំនួន បានបង្កើតចលនា បះបោរផ្តាច់ទឹកដី ។

ជាក់ស្តែង ដូចជាជនជាតិភាគតិច ការ៉ែន ការជីន និងជនមូស្ល៊ីម រ៉ូហ៊ីងយ៉ា ជាដើម ដែលជាជនជាតិភាគតិច មានចលនាបះបោរ ស្រាប់ និងរកឱកាស គ្រប់ពេលក្នុងការប្រយុទ្ធជាមួយ កងកម្លាំងរដ្ឋាភិបាល ក្នុងគោលដៅ ផ្តាច់ទឹកដី ។

សូមរំលឹកជូនថា កាលពីឆ្នាំ២០១៧ កន្លងទៅ ជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាឃីន សហភាពមីយ៉ានម៉ា បានបង្កើតចលនាប្រដាប់អាវុធមួយមានឈ្មោះថា កងទ័ពរំដោះរ៉ូហ៊ីយ៉ាអារ៉ាកន់ (Arakan Rohingya Salvation Army) និងបានវាយប្រហារជាមួយកងកម្លាំងរដ្ឋាភិបាល ។

មូលហេតុនេះហើយ ទើបរបបសឹក មីយ៉ានម៉ា មិនដែលបណ្តែតបណ្តោយ ប្រទេសនេះ អោយធ្លាក់ទៅដល់ដៃ រដ្ឋាភិបាលស៊ីវិល ទាំងស្រុងទេ ដោយសារបារម្ភពី ការបំបែកទឹកដីពីសំណាក់ជនជាតិភាគតិច មួយចំនួន ៕     

អ៊ី ជិន

To Top