បរទេស៖ សារព័ត៌មាន Foreign Lobby បានផ្សាយដោយស្រង់សម្តី រដ្ឋមន្រ្តីការពារជាតិមីយ៉ាន់ម៉ាលោក Mya Tun Ooថា យោធាមីយ៉ាន់ម៉ាបានជួលភ្នាក់ងារ PR ដើម្បីពន្យល់ពីស្ថានភាពដែលកំពុងកើតមាន នៅក្នុងប្រទេសនេះ ទៅកាន់ប្រទេសលោកខាងលិច។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Ari Ben-Menashe បាននិយាយថា គាត់ត្រូវបានគេជួលឱ្យជួយកងកម្លាំង ប្រដាប់អាវុធទាក់ទងជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលគាត់បាននិយាយថា បានយល់ច្រឡំរបស់យោធា។
លោក Ben-Menashe បាននិយាយថា យោធាអាចបង្ហាញថា ការបោះឆ្នោតកន្លងមកត្រូវបានគេបន្លំ ហើយជនជាតិភាគតិចត្រូវបានរារាំងមិនឱ្យបោះឆ្នោត។ អស់រយៈពេលជាច្រើនខែ គណបក្សសម្ព័ន្ធសាមគ្គីភាព និងអភិវឌ្ឍន៍ ដែលគាំទ្រដោយយោធាបានអះអាងថា មានការលួចបន្លំសន្លឹកឆ្នោត។ ទោះយ៉ាងណាក៏ដោយ គណៈកម្មការរៀបចំការបោះឆ្នោតបានច្រានចោលការចោទប្រកាន់នេះ។ Ben-Menashe ផ្ទាល់ មិនបានផ្តល់ភស្តុតាង នៃការបន្លំអ្នកបោះឆ្នោតទេ។
លោកក៏បានអះអាងផងដែរថា ការធ្វើរដ្ឋប្រហារត្រូវបាន ធ្វើឡើងដោយសារតែយោធាចង់រារាំងរដ្ឋាភិបាល មិនឱ្យខិតទៅជិតប្រទេសចិន៕ប្រែសម្រួលៈ ណៃ តុលា