វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា ក្រសួងការបរទេស និងមន្ទីរបញ្ចកោណ បានឲ្យដឹងនៅថ្ងៃពុធនេះថា លោក Anthony Blinken រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេស និងដោយផ្ទាល់លើកដំបូង ដោយសមាជិកខុទ្ទកាល័យកំពូល នៃរដ្ឋបាលរបស់លោក បៃឌិន ។
ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken និង Austin នឹងធ្វើការសន្ទនា “២បូក ២” ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃទី១៥ ដល់ថ្ងៃទី់១៨ ខែមីនាខាងមុខ ។ មន្ទីរបញ្ចកោណបានឲ្យដឹងថាថា ដំណើរទស្សនកិច្ចរបស់ Austin នឹងចាប់ផ្តើមនៅព្រឹក់់ថ្ងៃទី១៣ ខែមីនា ហើយនឹងរួមបញ្ចូលកោះហាវ៉ៃ និងឥណ្ឌាផងដែរ ។
ការជ្រើសរើសអាស៊ី ជាទិសដៅសម្រាប់ដំណើរទស្សនកិច្ច លើកដំបូងរបស់លោក Blinken និង Austin ឆ្លុះបញ្ចាំងពីអាទិភាពរបស់រដ្ឋបាលរបស់លោក បៃឌិន ក្នុងការពង្រឹងសម្ព័ន្ធភាពនៅឥណ្ឌូ – ប៉ាស៊ីហ្វិក ប្រឈមមុខនឹងការព្រួយបារម្ភ កាន់តែខ្លាំងអំពីប្រទេសចិន ដែលកំពុងមានការកើនឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា