Covid-19

សម្តេចតេជោ បកស្រាយទៅមនុស្សចំនួន ក្រោយសម្តេច ប្រកាសរៀបចំពិធីបូជា ក៏ដូចជាការបញ្ចុះសព ក្នុងករណីមានអ្នកស្លាប់ដោយកូវីដ១៩

ភ្នំពេញ៖ ក្រោយពីមានមនុស្សមួយចំនួន បានរិះគន់ទៅលើការរៀបចំ ទុកមុនរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបាន ប្រកាសរៀបចំពិធីបុណ្យសព ដោយការបូជាឬបញ្ចុះសពនោះ សម្តេចបានឆ្លើយតបទៅពួកគេថា ការរៀបចំទុកជាមុននេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចក្នុងនាមជា អ្នកដឹកនាំប្រទេសដែលបានគិតគូដល់ពលរដ្ឋ ។

សម្តេចតេជោបានថ្លែងសង្កត់ធ្ងន់ តាមរយៈសារជាសំឡេងនារសៀលថ្ងៃ១១ មីនានេះថា ការត្រៀមរៀបចំទុកជាមុនក្នុង ករណីមានអ្នកស្លាប់ដោយសារកូវីដ គឺជាការគោរពឲ្យតម្លៃ និងយកចិត្តទុកដាក់នៅក្នុងទំនៀមទម្លាប់ ប្រពៃណីរបស់ខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ពិតមែនហើយមានមនុស្សមួយក្រុម គឺចេញមកនិយាយថា នៅពេលដែលខ្ញុំឲ្យត្រៀមលក្ខណៈបែបនេះ (ត្រៀមកន្លែងបូជាសពអ្នកស្លាប់ ដោយជំងឺកូវីដ) គឺជាការប្រមាថជីវិតរបស់ប្រជាជន។ ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនប្រជាពលរដ្ឋឲ្យជ្រាបថា ខ្ញុំមិនបានប្រមាថជីវិតរបស់ប្រជាជនទេ ប៉ុន្ដែផ្ទុយទៅវិញនេះ គឺជាគោរពទៅដល់ប្រជាជននៅពេល ដែលមានឧបសគ្គកើតឡើងទាក់ទិន ជាមួយមរណៈភាពរបស់អ្នកជំងឺ ដែលស្លាប់ដោយកូវីដ យើងមិនត្រូវបាច់ម្ចាស់ការ ហើយនាំដល់ការចម្លង មេរោគទៅកាន់ក្រុមគ្រួសារ ឬដទៃនោះទេ»។

សម្ដេចតេជោ បន្ដថា ក្នុងទំនៀមទំម្លាប់ប្រពៃណីខ្មែរភាគច្រើនមាន ឪពុក-ម្ដាយ ចាស់ៗតែងតែធ្វើ មឈូស ចែកដីជូនទុកឲ្យគាត់ តើនោះវាជាប្រមាថចំពោះជីវិត ឪពុក-ម្ដាយ ចំពោះជីវិត ជីដូន-ជីតា ដែរឬទេ? ដូច្នេះនៅពេលសម្ដេចរៀបចំកន្លែង បូជាសពអ្នកស្លាប់ដោយកូវីដ ដើម្បីជាការគោរព និងទទួលខុសត្រូវចំពោះ សុខមាភាពរបស់ប្រជាជនខ្មែរ ជាពិសេសទទួលខុសត្រូវចំពោះអ្នកទទួលមរណភាព ផងដែរ ។ សម្ដេចក៏បានផ្ដាំផ្ញើទៅដល់អាជ្ញាធរ រាជធានី-ខេត្ត ត្រូវរកទីតាំងកន្លែងបូជាសពឲ្យសមរម្យ ហើយមិនមែនប្រមាថជីវិតប្រជាជន ដូចការលើកឡើង របស់មនុស្សមួយចំនួន តូចឡើយ។

សម្ដេចតេជោ បន្ថែមថា នៅលើពិភពលោក ក៏បានត្រៀមធ្វើមឈូសរួចជាសម្រេច តើនោះប្រមាថជីវិតមនុស្សឬទេ? ។សម្ដេចបញ្ជាក់សារជាថ្មីថា អាជ្ញាធរត្រូវរៀបចំកន្លែងបូជាសព អ្នកស្លាប់ដោយកូវីដ-១៩ ឲ្យស្របតាមទំនៀមទំលាប់ខ្មែរ និងមួយផ្នែកទៀត ត្រូវរៀបចំដីបញ្ចុះសពតាមទំនៀបទំម្លាប់របស់ ប្រជាពលរដ្ឋខ្មែរឥស្លាម និងជនដើមភាគតិច។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា អ្នកកើតជំងឺកូវីដ-១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព នៅថ្ងៃទី១១ មីនា នេះ ហើយជាករណីនៅដំបូងនៅកម្ពុជា ដែលមានជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១១៦៣នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៥៩៧នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៥៦៥នាក់៕

To Top