ភ្នំពេញ៖ ដោយមានការជួយសម្របសម្រួល របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន ៩នាក់ និងកុមារ ៤នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ5008 នៅម៉ោង ៥៖៣៥នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅមុននេះបន្តិច លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងបន្តថា ស្ថានទូតបានចេញលិខិត ធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និង រៀបចំឯកសារទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្ត កូវីដ១៩ ព្រមទាំងបានចាត់ មន្រ្តីជូនពលករ ពលការិនីខាងលើ ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ ៕