ព័ត៌មានជាតិ

ធនាគារជាតិ ៖ ក្រៅពីលទ្ធភាពទទួល សេវាហិរញ្ញវត្ថុ ស្រ្តីក៏ជួបប្រទះបញ្ហាប្រឈម ការប្រើប្រាស់ សេវាហិរញ្ញវត្ថុ

ភ្នំពេញ ៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងថា ក្រៅពីលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុ ស្រ្តីក៏ជួបប្រទះនឹងបញ្ហាប្រឈមក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដោយសារស្រ្ដីបោះបង់ការសិក្សា ច្រើនជាងបុរស។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិ។

ឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ ស្តីពី គម្លាតប្រាក់ឈ្នួលរវាងស្ត្រី និងបុរសនៅកម្ពុជារៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) តាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកស្រី ជា សិរី បានថ្លែងថា «ក្រៅពីលទ្ធភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ស្រ្តីក៏ជួបប្រទះនឹង បញ្ហាប្រឈម ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផងដែរ។ ដូចនេះ ការបញ្ជ្រាបនូវចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពទៅក្នុងកម្មវិធីសិក្សាពិតជាមានសារៈសំខាន់នៅកម្ពុជា ដោយសារអត្រាបោះបង់ ការសិក្សា របស់ស្រ្តី មានច្រើនជាងបុរស»។

លោកស្រីបន្ដថា ស្រ្តីដែលបោះបង់ការសិក្សា អាចប្រើប្រាស់ចំណេះដឹង ដែលបានរៀនសូត្រខាងលើ ក្នុងការប្រកបរបរចិញ្ចឹមជីវិតបាន។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ដល់សាធារណជន នូវការររកឃើញរបស់ UNDP ទាក់ទងនឹងកត្តាចម្បងៗដែលធ្វើឲ្យមានគម្លាត ប្រាក់ឈ្នួលរវាងស្ត្រីនិងបុរសនៅកម្ពុជា និងគោលនយោបាយសំខាន់ៗ ក្នុងការកាត់បន្ថយគម្លាត ប្រាក់ឈ្នួលនៅកម្ពុជាសំដៅទទួលបាននូវសមភាព៕

To Top