ព័ត៌មានជាតិ

សម្តេច ស ខេង ស្នើឲ្យខេត្តជាប់ព្រំដែន ពង្រឹងការគ្រប់គ្រងជនបរទេស កុំឲ្យលួចចូលមកកម្ពុជា ដោយខុសច្បាប់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឲ្យខេត្តជាប់ព្រំដែនទាំងអស់ ត្រូវពង្រឹងការងារបន្ថែមទៀត ក្នុងការគ្រប់គ្រងកុំឲ្យមានជនបរទេស និងពលករខ្មែរ លួចចូលមកកម្ពុជាដោយខុសច្បាប់ ។

តាមរយៈសារសំឡេង នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ជនបរទេស និងពលករខ្មែរ ចូលមកកម្ពុជា តាមច្រកផ្លូវការងាយស្រួលដោះស្រាយ ហើយបញ្ជូនពួកគាគ់ទៅតាម រាជធានី-ខេត្ត របស់ខ្លួន ដើម្បីធ្វើចត្តាឡីស័ក។

សម្ដេច បន្ដថា មានករណី ជនបរទេស ឬពលករខ្មែរ លួចចូលតាមច្រករបៀង ឬហៅថា លួចចូលដោយខុសច្បាប់ ទើប មានផលលំបាក ក្នុងការគ្រប់គ្រងពួកគាត់ ដូច្នេះ ខេត្តជាប់ព្រំដែនទាំងអស់ ត្រូវពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត។

សម្ដេច ស ខេង បញ្ជាក់យ៉ាងដូច្នេះថា «ករណីហ្នឹងគឺថា សូមឲ្យខេត្តដែលជាប់ព្រំដែន មានច្រក ច្រកតំបន់ ឬក៏ច្រករបៀង បង្កើនការគ្រប់គ្រង ព្រោះថា ខេត្តជាប់ព្រំដែនសុទ្ធតែមាន វរៈសេនាតូចការពារព្រំដែន អីចឹងពង្រឹងការគ្រប់គ្រងហ្នឹងឲ្យ មែនទែន។ ខ្ញុំក៏ណែនាំទៅ អគ្គស្នងការដ្ឋានគរបាលហើយ ប៉ុន្ដែអ្នកនៅហ្នឹង(នៅព្រំដែន) កម្លាំងស្នងការ ដឹងនាំដែល ហើយ ពង្រឹងការគ្រប់គ្រងច្រកព្រំដែនទាំងអស់»។

ជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា នៅតាមច្រកអន្ដរជាតិ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ គឺជាអ្នកទទួលខុសត្រូវ ក្នុងការគ្រប់គ្រងអ្នក ចេញ-ចូល ដូច្នេះ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការងារគ្រប់គ្រង ជនបរទេស និងពលករខ្មែរ៕

To Top