ព័ត៌មានជាតិ

សម្តេចតេជោ អបអរសាទរខួប ៣ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអបអរសាទរខួប ៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។

ចាប៉ីដងវែង ជាឧបករណ៍តន្ត្រី វ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមាន អមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។

សម្តេចបានអរគុណដល់ព្រឹទ្ធាចារ្យ សិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សា នូវសិល្បៈមួយនេះអោយបានគង់វង្ស និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជារៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួន ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

សម្តេចតេជោ បានឲ្យជនរួមជាតិ បន្តថែរក្សាសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិឲ្យនៅគង់វង្សជាបន្តបន្ទាប់ទៀត៕

To Top