ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា តំបន់មួយចំនួន នៅកម្ពុជា នឹងមានមានភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះនឹងខ្យល់កន្ត្រាក់ ក្នុងអំឡុងថ្ងៃទី១៧ ដល់២៣មីនា ឆ្នាំ២០២១ខាងមុខនេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៦មីនាឆ្នាំ២០២១ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ – ២៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពល ជាបន្តបន្ទាប់ដូចជា ថ្ងៃទី១៧-១៩ ខែមីនា ឆ្នាំ២០២១ ឥទ្ធិពល នៃខ្យល់ស្ងប់វិលវល់ ( DIVERGENCE WIND) និងបណ្តូសម្ពាធទាបជាច្រើន (LOW PRESSURE CELL) ។ នៅថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២១ ភាគឦសាន ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក និងភាគនិរតី ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ឥណ្ឌូនេស៊ី ។
ក្រសួងបានបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមាន សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ °C នឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន ។
ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ មានសីតុណ្ហភាពអប្បរមាពី ២៥-២៨ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ °C នឹងមានភ្លៀងផ្គរ រន្ទះ ពីផ្សែងក្រូចទៅច្រើន ។
ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C និងសីតុណ្ហភាពអតិបរម្យ មានពី ៣២-៣៥ °cមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន ។
ជាមួយគ្នានោះដែរ ក្រសួងបានអំពាវនាវ ដល់ប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន បាតុភូតខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅថ្ងៃទី២១-២៣ ខែមីនា ៕ ស.សំណាង