បរទេស៖ក្រោយប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងមួយរូប បដិសេធមិនធ្វើការពិភាក្សាណាមួយ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនផ្លាស់ប្តូរគោលនយោបាយនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា ជម្រើសទំាងការដាក់សម្ពាធនិងការទូត គឺត្រូវបានលើកឡើងសម្រាប់ការចរចាគ្នាជាមួយកូរ៉េខាងជើង។
លោក Antony Blinken បាននិយាយប្រាប់សន្និសីទកាសែតរួមគ្នាមួយជាមួយមន្ត្រីកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូលថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន នងបំពេញការពិចារណាឡើងវិញលើគោលនយោបាយកូរ៉េខាងជើង ក្នុងពីរបីសប្ដាហ៍ក្រោយ នៅក្នុងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយសម្ពន្ធមិត្តរបស់ខ្លួន។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “លោកប្រធានាធិបតី បៃដិន គ្រោងធ្វើការពិចារណាពីគោលនយោបាយកូរ៉េខាងជើង នៅក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ នៅក្នុងសហប្រតិបត្តិការនិងការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ជាមួយសាធារណរដ្ឋកូរ៉េ ជាមួយប្រទេសជប៉ុន និងជាមួយដៃគូសំខាន់ៗផ្សេងទៀត ដោយរួមមានទាំងការបន្តជម្រើសដាក់សម្ពាធ និងសក្តានុពលសម្រាប់កិច្ចការការទូតអនាគត”។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា នៅពេលត្រូវគេចោទសួរថា ចំណាត់ការបែបណា ដែលសហរដ្ឋអាមេរិកនឹងធ្វើឡើង ក្រោយការពិចារណាឡើងវិញនោះ លោកបានបដិសេធមិនផ្តល់សេចក្តីលម្អិតនោះទេ៕ប្រែសម្រួល៖ប៉ាង កុង