ព័ត៌មានជាតិ

ប្រមុខការពារជាតិ ៖ ទោះកងទ័ព ចាក់វ៉ាក់សាំងកូវីដ១៩រួច ហើយឆ្លងជំងឺកូវីដ១៩ តែស្ថានភាពមិនធ្ងន់ធ្ងរទេ

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានរាប់រៀបថា ក្រោយចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩រួច ទោះបីឆ្លងជំងឺកូវីដ១៩ ក៏សុខភាពមិនចុះទ្រុឌទ្រោម ស្ថិតក្នុងសភាពធ្ងន់ធ្ងរដែរ ព្រោះមានកងទ័ព៤នាក់ និងកងអង្គរក្សម្នាក់ បានឆ្លងជំងឺកូវីដ ក្រោយពួកគេចាក់វ៉ាក់សាំងរួចរាល់ ប៉ុន្ដែពួកគេមិនធ្ងន់ធ្ងរទេ ។

ក្រោយបញ្ចប់អញ្ជើញ ចូលរួមចុះពិនិត្យមន្ទីរពេទ្យនគរទេព ជាមន្ទីរពេទ្យសម្រាប់ព្យាបាល អ្នកជំងឺកូវីដ១៩ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ ប្រាប់ក្រុមអ្នកសារព័ត៌មានថា កងទ័ពស្ទើរតែទាំងអស់ បានមកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ លើកទី១ ហើយសម្ដេចធ្វើយ៉ាងណា ឲ្យអ្នកមកចាក់វ៉ាក់សាំងលើកទី១ មកចាកវ៉ាក់សាំងលើកទី២ ឲ្យបានគ្រប់ៗគ្នា ។

សម្ដេចបន្ថែមថា បើតាមក្រសួងសុខាភិបាល អ្នកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ ការឆ្លងជំងឺ ងឺកូវីដ១៩ នៅតែឆ្លង ក្នុងនោះកងទ័ពឆ្លងជំងឺកូវីដ នាពេលកន្លងទៅ គឺសុទ្ធតែអ្នកទទួលវ៉ាក់សាំងរួចរាល់ ហើយមានអ្នកខ្លះចាក់វ៉ាក់សាំងលើកទី១ អ្នកខ្លះចាក់វ៉ាក់សាំងលើកទី២ ប៉ុន្ដែពួកគាត់មានសុខភាព ល្អធម្មតាផងដែរ ។

សម្ដេចបញ្ជាក់យ៉ាងដូច្នេះថា «បានន័យថា វ៉ាក់សាំងហ្នឹង គឺបានបំពេញភារកិច្ច របស់វាបានមួយចំណែកធំហើយ ប៉ុន្ដែមិនធានាថា១០០ភាគរយទេ។ ប៉ុន្ដែយ៉ាងណាក៏ដោយ គេបានអះអាងច្បាស់លាស់ហើយខ្ញុំ តាមដានក៏ហ៊ានអះអាងមួយចំណែកថា បើយើងមានវ៉ាក់សាំងហើយអាកូវីដ១៩ហ្នឹង ចូលមកហ្នឹងមិនអាចធ្វើអ្វីឲ្យយើងធ្លាក់ក្នុងសភាពឈឺធ្ងន់ធ្ងរទេ»

សម្ដេចក៏បានអំពាវនាវ ឲ្យក្រុមគ្រូពេទ្យ របស់ក្រសួងការពារជាតិ និងកងទ័ពត្រូវបន្ដប្រុងប្រយ័ត្នជំងឺកូវីដ១៩ ជាពិសេសស្ដាប់ តាមការណែនាំរបស់ក្រសួង សុខាភិបាល និងរាជរដ្ឋាភិបាល ធ្វើយ៉ាងណាប្រយុទ្ធប្រឆាំង ជំងឺកូវីដ ។ សម្ដេចបង្ហាញការព្រួយបារម្ភ ចំពោះក្រុមគ្រូពេទ្យរបស់ក្រសួង ព្រោះខ្លាចឆ្លងជំងឺកូវីដ ។

សម្ដេចបន្ដថា បើតាមរាជរដ្ឋាភិបាលកម្ពុជា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងមកដល់កម្ពុជា ជាបន្ដបន្ទាប់ ហើយសម្ដេចស្នើរាជរដ្ឋាភិបាល ពង្រីកវិសាលភាព ចាក់វ៉ាក់សាំង ជូនកងទ័ពកាន់តែទូលំទូលាយ ។ ជាងនេះទៅទៀត សម្ដេចក៏បានស្នើរាជរដ្ឋាភិបាល ផ្ដល់វ៉ាក់សាំង ចាក់ជូនអតីតយុទ្ធជន និងក្រុមគ្រួសារ របស់ពួកគាត់ផងដែរ ៕

To Top