ព័ត៌មានជាតិ

ជប៉ុន ផ្តល់ជាង៣លានដុល្លារ សម្រាប់គម្រោងបញ្ចប់ ហិង្សាលើកុមារ អំឡុងពេលមាន ជំងឺរាតត្បាតកូវីដ១៩ នៅកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ចំនួន៣៤០,០០០,០០០យេន ស្មើនឹង ៣,០៩០,៩០៩ដុល្លារ ដល់អង្គការយូនីសេហ្វ សម្រាប់គម្រោង ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ អំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ទោះបីជាកុមារប្រឈម នឹងហានិភ័យសុខភាព ពីជំងឺកូវីដ១៩ តិចជាងមនុស្ស ពេញវ័យក៏ដោយ ក៏មានរបាយការណ៍សាកល មួយចំនួនបានបង្ហាញថា កុមារអាចនឹង មានហានិភ័យខ្ពស់ ក្នុងការទទួលរងនូវអំពើហិង្សា ដែលបណ្ដាលមកពីជំងឺរាត ត្បាតនេះ»

ជាងនេះទៅទៀត រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ៣៤០ ០០០ ០០០ យេន ដល់យូនីសេហ្វ សម្រាប់គម្រោងនេះ គោលបំណង របស់គម្រោង ដើម្បីធានា កុមារា និងកុមារីនៅកម្ពុជា ទទួលបានការការពារ ពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពាន ក្នុងអំឡុងពេលរាតត្បាត នៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ ដើម្បីពង្រឹងសន្តិសុខមនុស្សជាតិ ។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា «រាល់ទម្រង់ នៃអំពើហិង្សា ដែលកុមារបានជួបប្រទះអាចបណ្តាល ឲ្យមានផលវិបាកធ្ងន់ធ្ងរ និងពេញមួយជីវិត ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលពួកគេអាចមានហានិភ័យខ្ពស់ ក្នុងការទទួលរងនូវអំពើហិង្សា និងការរំលោភបំពានក្នុងអំឡុងពេលដ៏លំបាកនៃជំងឺរាតត្បាតកូវីដ១៩»

ដោយឡែក លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាបានថ្លែងដែរថា «អំពើហិង្សាក្នុងវ័យកុមារភាព អាចបង្កគ្រោះថ្នាក់ជាច្រើនដល់កុមារ និងពេញមួយជីវិតរបស់ពួកគេ ។ ការទទួលរងគ្រោះនូវអំពើហិង្សា នៅវ័យកុមារភាពជារឿយ ៗ នាំឲ្យមានផលអវិជ្ជមាន ខាងអាកប្បកិរិយាផ្លូវចិត្ត និងរាងកាយ នៅក្នុងវ័យជំទង់ និងពេញវ័យដែលជាបញ្ហាប្រឈម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ»៕

To Top