ភ្នំពេញ៖ យុវជន ប្រុស-ស្រី កំពុងស្តារនីតិសម្បទាបន្សាបថ្នាំញៀន ក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមាណជាង១៥០នាក់ ក្នុងចំណោមជិត៨០០នាក់ មានអការៈក្អួតចង្អោរ សង្ស័យថាពុលផ្លែត្រសក់ខ្ចី ។
យោងតាមអគ្គស្នងការ នគរបាលជាតិបានឲ្យដឹងថា ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ។
តាមប្រភពព័ត៌មានបឋម ពីមណ្ឌលជីវិតថ្មីភ្នំបាក់ បានឲ្យដឹងថានៅមុនពេលកើតហេតុ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានម៉ូយបន្លែដែលតែងទិញបន្លែយកមកស្លហូប គាត់បានឲ្យផ្លែត្រសក់បន្ថែមប្រមាណជា៣-៤ថង់(មិនគិតលុយ) ក្រៅពីទិញបន្លែសម្រាប់ស្ល ហើយត្រសក់នោះទុកដាក់ខាងក្រៅ ពេលនោះមានក្រុមយុជនកំពុងស្តារនិតិសម្បទាបន្សាបគ្រឿងញៀន បាននាំគ្នាយកមកហូបជ្រលក់ជាមួយអំបិលម្ចេស ខ្លះបានលាងទឹក ខ្លះក៏អត់ ។
ក្រោយពីហូបរួច នៅយប់នោះមានអ្នករាគ ក្អួតចង្អោរ ហើយចាប់ផ្តើមខ្លាំង នៅរសៀលម៉ោង២ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ហើយក៏មានរថយន្តរបស់មណ្ឌល ក្នុងនោះលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងនគរបាល នាំយករថយន្តរបស់ស្នងការដ្ឋាន ជួយដឹកនាំជញ្ជូនយក ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំនួន៧៣នាក់ ក្នុងនោះស្រីមាន១៣នាក់ និងស្លាប់១នាក់ប្រុស ។
លុះដល់ម៉ោងប្រមាណជា ៤រសៀល ក៏មានយុវជនប្រមាណជាង៩០នាក់ផ្សេងទៀត បានក្អួតចង្អោរ ហើយត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកក្រុងសិរីសោភ័ណ ដែលពេលនេះ គឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៨១នាក់ មានអ្នកចេញត្រឡប់ទៅវិញខ្លះ ។ បើសរុបមន្ទីរពេទ្យទាំង២ យុវជនបន្សាបគ្រឿងទាំង២ភេទ សរុបចំនួន១៥៤នាក់ ក្នុងនោះបានបាត់បង់ជីវិតម្នាក់ ហើយគ្រូពេទ្យកំពុងព្យបាលនៅក្នុងមណ្ឌលមួយចំនួនទៀត។
តាមប្រភពព័ត៌មាន គឺពេលនេះក្រុមគ្រួពេទ្យបង្អែកក្រុងសិរីសោភ័ណ បានចុះទៅពិនិត្យ និងព្យាបាលជំងឺផ្ទាល់នៅក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់តែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ៕