Covid-19

អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតហើយ បានស្លាប់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ម្នាក់ ភេទប្រុស ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ បានស្លាប់ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ មីនា បានឲ្យដឹងថា «យោងតាម របាយការណ៍ពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ភេទប្រុស ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណៈកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រកីឡា រាជធានីភ្នំពេញ បានទទួលមរណភាព នៅថ្ងៃទី ២២ មីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត»។

ក្រសួងបន្ដថា បុរសវ័យ ៧៥ឆ្នាំខាងលើនេះ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត នា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្នុងសភាពហត់ខ្លាំង។ ភ្លាមៗក្រោយពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបាន ពិនិត្យឃើញថា គាត់មានអាការហត់ខ្លាំង និងពិបាក ដកដង្ហើម ព្រមទាំងមានការវិវត្តយ៉ាងរហ័ស ទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល ៣-៤ថ្ងៃមុនចូលដល់មន្ទីរពេទ្យ ហើយគាត់មានជំងឺប្រចាំកាយ លើសឈាមផង។

ក្រោយពីការថតសួត បានរកឃើញថា មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំង ដែលក្រុមគ្រូពេទ្យបានព្យាយាមជួយគាត់ រហូតដល់ប្រើម៉ាស៊ីន ជំនួយដង្ហើមហើយនៅតែ មិនអាចជួយបាន ហើយគាត់ក៏បានធ្វើមរណកាលទៅ។

បុរសខាងលើនេះ មានតេស្តវិជ្ជមាន វីរុសកូវីដ-១៩ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

ក្រសួងបន្ថែមថា តាមសេចក្តីសន្និដ្ឋាន អ្នកជំងឺបានស្លាប់ នៅថ្ងៃទី២២ មីនា ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង និង រលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយសារជំងឺកូវី៩-១៩។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ២២មីនា កម្ពុជាមាន ពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៤នាក់ហើយ ដោយមាន២នាក់ជាមន្រ្តីប៉ូលីសនៅក្រសួងមហាផ្ទៃ និងស្ត្រីម្នាក់ជាម្តាយតារាចម្រៀងវី ឌីណែត អាយុ៦២ឆ្នាំ ព្រមទាំងលើកនេះជាមន្រ្តីពេទ្យចូលនិវត្តន៍៕

To Top