ព័ត៌មានអន្តរជាតិ

ប្រជាជនអ៊ីស្រាអែល រាប់ពាន់នាក់ ធ្វើការតវ៉ាប្រឆាំង លោក Netanyahu នៅមុនការបោះឆ្នោត

បរទេស៖ ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់ បានធ្វើបាតុកម្មនៅខាងក្រៅទីលំនៅ របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងទីក្រុងយេរូសាឡឹម កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ស្នើឲ្យបញ្ចប់ការដឹកនាំរបស់លោក នៅត្រឹមតែ ៣ថ្ងៃ មុនពេលការបោះឆ្នោតលើកទី៤ ក្នុងពេលពីរឆ្នាំ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Hindustan Times នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមមនុស្សធ្វើការតវ៉ានេះ មានចំនួនច្រើនជាងការតវ៉ាប្រឆាំងលោក Netanyahu កាលពីពេលមុន ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍មានមនុស្សប្រហែល ២០.០០០នាក់ចូលរួម។

គួរបញ្ជាក់ថា សម្ពាធបានកើនឡើងនៅក្នុងដំណើរបោះឆ្នោត លើលោក Netanyahu ដែលកំពុងទទួលការកាត់ក្តី សម្រាប់អំពើពុករលួយ និងត្រូវក្រុមអ្នករិះគន់ចោទប្រកាន់ពី បទគ្រប់គ្រងមិនត្រឹមត្រូវលើការ រាតត្បាតឆ្លងនៃជម្ងឺកូវីដ១៩។

លោក Netanyahu កំពុងតែសង្ឃឹមថា ភាពជោគជ័យនៃកម្មវិធី ចាក់ថ្នាំវ៉ាក់សាំងជម្ងឺកូវីដ១៩ បានលឿនរបស់រដ្ឋាភិបាលរបស់លោក ដែលអនុញ្ញាតសេដ្ឋកិច្ចជាច្រើនឲ្យបើក ក្រោយការបិទចំនួន៣ ជាមួយនឹងកិច្ចព្រមព្រៀងធ្វើចំណងមិត្តភាព ប្រក្រតីជាបន្តបន្ទាប់ជាមួយប្រទេសអារ៉ាប់នោះ នឹងផ្តល់ឲ្យលោកនូវសន្ទុះដែលត្រូវការ ដើម្បីរក្សាសម្លេងភាគច្រើន នៅក្នុងរដ្ឋសភា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top