ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានធ្វើការណែនាំកងកម្លាំងនគរបាល បន្តយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង អំពីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តាឡីស័ក។
ក្នុងកិច្ចប្រជុំនៅស្នងការដ្ឋាន នគរបាលខេត្តកណ្តាល នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា «កងកម្លាំងនគរបាលបន្ត យកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង អំពីការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមណ្ឌលចត្តាឡីស័ក ក៏ដូចជាការប្រុងប្រយ័ត្ន និងការពារខ្លួនដើម្បីចៀសវាង និងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩»។
នាឱកាសនោះដែរ លោកស្នងការក៏បានប្រគល់ប័ណ្ណសរសើរ តាមបណ្តាអធិការដ្ឋាននគរបាលគ្រប់ ស្រុក-ក្រុង សម្រាប់ផ្តល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានជ័យលាភី ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឆ្នាំ២០២០ ផងដែរ។
សូមជម្រាបថា សមាសភាពចូលរួមកិច្ចប្រជុំ រួមមាន៖ លោក-លោកស្រីស្នងការរង ,លោកនាយការិយាល័យទាំង៣១ ,លោកអធិការនគរបាលទាំង១១ ស្រុក-ក្រុង ,លោកមេបញ្ជាការវរៈ៦០៥ ,លោកប្រធានប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តរជាតិជ្រៃធំ៕