ព័ត៌មានជាតិ

មោទកភាពថ្មីរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំសនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិក របស់សមាគមផ្តល់សេវាការងារ សាធារណៈពិភពលោក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ សនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិក របស់សមាគមផ្តល់សេវាការងារសាធារណៈពិភពលោក ក្រោមប្រធានបទ ឌីជីថលនីយកម្មក្នុង សេវាការងារសាធារណៈ (Digitalization in Public Employment Services) ត្រូវបានបើកជាផ្លូវការនៅសណ្ឋាគារ សូហ្វីតែលអង្គរ ភូគីត្រា ក្នុងទឹកដីអង្គរខេត្តសៀមរាប មានអ្នកចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាតិ អន្តរជាតិប្រមាណ៤០០នាក់ ដែលកម្ពុជាទទួលបាន កិត្តិយសធ្វើជាម្ចាស់ផ្ទះ ។

ថ្លែងក្នុងពិធីបើក សនិ្នសីទ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា៖ “សន្និសីទអាស៊ី-ប៉ាស៊ីហ្វិក នេះ ត្រូវបានធ្វើឡើងត្រូវចំកាលៈទេសៈ ព្រមទាំង មានសារៈប្រយោជន៍ខ្លាំងណាស់ ដោយបានផ្តល់ជាឱកាស ដ៏មានតម្លៃសម្រាប់ ប្រទេសសមាជិកទាំងអស់ចែករំលែកស្វែងយល់ និងដកស្រង់យកចំណេះដឹង បទពិសោធន៍និងការអនុវត្តល្អក្នុងការសិក្សានិងការចាប់យកមកប្រើប្រាស់ នូវបច្ចេកវិទ្យាបច្ចុប្បន្ន និងពេលអនាគត សម្រាប់ជំរុញការធ្វើឌីជីថលនីយកម្ម ព្រមទាំងបំប្រួញគម្លាតនៃ ការអភិវឌ្ឍសេវាការងារសាធារណៈ ក្នុងចំណោមប្រទេសសមាជិករបស់ WAPES ជាពិសេសសម្រាប់ប្រទេសដែល ទើបបានចាប់ផ្តើមអភិវឌ្ឍសេវាការងារសាធារណៈដូចជាកម្ពុជា ក្នុងការខិតខំ ធ្វើដំណើរឈានទៅសម្រេច ជោគជ័យនូវគោលដៅចុងក្រោយ គឺការប្រែ ក្លាយទៅជាសេវាការងារសាធារណៈ ឌីជីថលពេញលេញ”។

ក្នុងរយៈពេលពីរថ្ងៃ នៃសន្និសីទថា្នក់តំបន់នេះ មានការចូលរួមចែក រំលែកចំណេះដឹង និងបទពិសោធន៍ពីអ្នកឯកទេស ផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៃសេវាការងារសាធារណៈ អ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងមន្រ្តីផ្នែកផ្តល់សេវាការងារ សាធារណៈដែលអញ្ជើញមកពីបណ្តាលប្រទេសជាសមាជិកចំនួន ១២ នៅទូទាំងពិភពលោក។

ការរៀបចំឡើងនូវសន្និសីទ នាថ្ងៃនេះក៏បានឆ្លុះបញ្ចាំង ឱ្យឃើញជាថ្មីម្តងទៀតអំពីតួនាទីកាន់តែសំខាន់ចាំបាច់របស់WAPES នៅលើឆាកអន្តរជាតិ ក្នុងការបង្កើតជាវេទិកាសម្រាប់ការសិក្សានិងការកសាងចំណេះដឹង និងផ្តល់ ការគាំទ្រដល់សមាជិក ក្នុងការបង្កើនជំនាញ។ កម្ពុជាប្តេជ្ញាបន្តចូលរួមផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រតាមលទ្ធភាព ដល់រាល់សកម្មភាពរបស់ WAPES ក្នុងការឈានទៅសម្រេចបាន ជោគជ័យនូវគោលដៅរបស់ខ្លួននេះ។

លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ដោយសារកម្ពុជាយើងទើបតែ បានបង្កើតសេវាការងារសាធារណៈ ក្នុងឆ្នាំ២០០៩ ដូច្នេះការអភិវឌ្ឍប្រព័ន្ធ ផ្តល់សេវាដែលមានភាពប្រទាក់ក្រឡា និងការធ្វើស្វ័យប្រវត្តិកម្មដោយ ការប្រើប្រាស់បច្ចេកវិទ្យា នៅមានកម្រិតទាបនៅឡើយ។ ក្នុងន័យនេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងបន្តខិតខំអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារដើម្បីឆ្លើយតប ទៅនឹងការប្រែប្រួលយ៉ាងលឿន នៃរចនាសម្ព័ន្ធប្រជាសាស្រ្តសេដ្ឋកិច្ចនិងទីផ្សារការងារព្រមទាំង ការទាមទារកាន់តែខ្ពស់ឡើង របស់ប្រជាពលរដ្ឋនូវសេវាកាន់តែមានគុណភាពការឆ្លើយតប បានឆាប់រហ័សប្រកបដោយ សមធម៌និងមានតម្លាភាព។

គួរបញ្ជាក់់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាសមាជិកថ្មីមួយក្នុងចំណោមសមាជិកចំនួន១២ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់សមាគមពិភពលោកនៃ សេវាការងារសាធារណៈ (WAPES) ដែលមានសមាជិកសរុបចំនួន៨២។ ឱកាសក្នុងការរៀបចំសន្និសីទនេះគឺជា វេទិកាដែលផ្តល់នូវកាលានុវត្តភាព ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អពាក់ព័ន្ធការផ្តល់ សេវាការងារសាធារណៈ ក្នុងចំណោមរដ្ឋសមាជិកដែលមានការអភិវឌ្ឍខ្លាំងក្លា ផ្នែកការផ្តល់សេវា ការងារតាមប្រព័ន្ធឌីជីថល ព្រមទាំងការបង្ហាញពីករណីសិក្សានៃការចាប់ផ្តើម ស្រូបយកបច្ចេកវិទ្យាឌីជីថល ចូលក្នុងការផ្តល់សេវាការងាររបស់រដ្ឋជាសមាជិកថ្មីដូចជាកម្ពុជា៕

To Top